(កូរ៉េ)៖ លោក Pdogg ដែលមានឈ្មោះពិតថា Kang Hyo Won ត្រូវបានគេដឹងថា គឺជាផលិតករជាន់ខ្ពស់មួយរូប ប្រចាំផលិតកម្មល្បី Big Hit Music (HYBE LAbels) ហើយលោកក៏ជាផលិតករដ៏សំខាន់របស់ក្រុមចម្រៀងល្បី BTS ផងដែរ។ អ្វីដែលសំខាន់ នៅពេលនេះលោកបានជាប់ឈ្មោះជាផលិតករ ដែលមានតម្លៃខ្លួនខ្ពស់ និងរកចំណូលបានច្រើនលំដាប់ទី១ ប្រចាំក្រុមហ៊ុន HYBE ដោយរកប្រាក់ចំណូលបានប្រមាណ ៣៤លានដុល្លារអាមេិរក នៅក្នុងឆមាសទី១ ឆ្នាំ២០២១។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន allkpop នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែសីហាកន្លងទៅ ក្រុមហ៊ុន BYBE បានបញ្ចូនរបាយការណ៍របស់ខ្លួនទៅកាន់ គណៈកម្មការសេវាកម្មហិរញ្ញវត្ថុកូរ៉េខាងត្បូង (Finanacial Services Commission of South Korea) ហើយក៏មានការលាតត្រដាងពីប្រាក់ឈ្នូលរបស់បុគ្គលក្នុងក្រុមហ៊ុននេះផងដែរ។ ដោយក្នុងនោះបង្ហាញថា ផលិតករជាន់ខ្ពស់ ប្រចាំផលិតកម្ម Big Hit Music ចំនួន៣នាក់រួមមាន លោក Pdogg, Kim Shin Kyu និង Yoon Seok Jun គឺជាបុគ្គលទាំង៣ ជាប់ក្នុង Top3 ដែលមានតម្លៃខ្លួនខ្ពស់ និងរកចំណូលបានច្រើនបំផុតក្នុងឆមាសទី១ ឆ្នាំ២០២១នេះ។

លោក Pdogg ទទួលបានប្រាក់សរុប ប្រមាណ ៣៤,៩០៦,៧៤៣ ដុល្លារអាមេរិក ដែលប្រាក់ទាំងនោះ គឺបូកបញ្ចូលទាំងប្រាក់ខែ, ប្រាក់លើកទឹកចិត្ត, ការចំណេញពីភាគហ៊ុនជាដើម។ ខណៈលោក Kim Shin Kyu ដែលឈរនៅលេខរៀងទី២ គឺទទួលបានប្រាក់ចំណូល ប្រមាណ ២៣,៧០៩, ៤៧៩ ដុល្លារអាមេរិក ដែលលោកមានតួនាទីជាអ្នកចាត់ការទូទៅ ឬអ្នកគ្រប់គ្រង របស់ក្រុម BTS ចាប់តាំងពីក្រុមនេះបានបង្កើតមកម្ល៉េះ។ អ្នកដែលឈរនៅលេខរៀងទី៣ ក្នុងចំណោមបុគ្គលរកប្រាក់ចំណូលបានច្រើនប្រចាំក្រុមហ៊ុន HYBE នោះ គឺលោក Yoon Seok Jun ដែលជា CEO របស់ HYBE ’s global operations ដែលទទួលបានប្រាក់ប្រមាណ ២០,១០៩,៧០៤ ដុល្លារអាមេរិក៕