(ចិន)៖ មានសេចក្តីរាយការណ៍ថ្មីមួយបង្ហាញ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះថា វីដេអូដែលជាស្នាដៃសម្តែងរបស់ Kris Wu រួមទាំង Content ផ្សេងៗទៀតនៅលើបណ្តាញសង្គមចិន គឺត្រូវបានលុបចោលទាំងអស់ ខណៈការលុបចោលនេះ គឺត្រូវបានធ្វើឡើង ក្រោយពេលតុលាការនៅប្រទេសចិន សម្រេចចេញដីកាចាប់ខ្លួន តារាល្បី Kris Wu ជាផ្លូវការ ពីបទ «រំលោភ»។
បើតាមការចេញផ្សាយ ដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី១៨ ខែសីហា បានឲ្យដឹងថា សមាគមផ្តល់សេវាកម្មផ្សព្វផ្សាយតាម Internet របស់ចិន (CNSA) បានប្រកាសថា ពួកគេបានគាំទ្រ ចំពោះសកម្មភាពរបស់សមាជិកទាំងអស់ រួមមានក្រុមហ៊ុនផ្តល់សេវាកម្ម Streaming Youku និង iQiyi និងក្រុមហ៊ុនច្រើនទៀត ចំពោះការលុបចោលវីដេអូនានា ដែលពាក់ព័ន្ធនឹង Kris Wu។ បើនិយាយទៅ វីដេអូខ្លីៗជាង ១,៩០០,០០០ វីដេអូ ក៏ដូចជាវីដេអូរឿងភាគជាង ៧,០០០ វីដេអូទៀត ដែលជាការចូលរួមសម្តែងដោយ Kris Wu គឺបានលុបចោលពីបណ្តាញសង្គមចិនតែម្តង។
បន្ថែមពីនេះ CNSA ក៏បានសង្កត់ធ្ងន់ថា ក្រុមហ៊ុន Tencent បានបញ្ចប់កិច្ចសហការជាមួយ Kris ភ្លាមៗ នៅពេលដឹងថា តារារូបនេះមានរឿងអាស្រូវផ្លូវភេទ ជាមួយក្មេងស្រីៗ។
គួរជម្រាបថា ចាប់តាំងពីមានរឿងអាស្រូវផ្លូវភេទជាមួយក្មេងស្រីៗ និងត្រូវបានតុលាការចេញដីកាចាប់ខ្លួន ពីបទល្មើស «រំលោភ» រួចមក បានធ្វើឲ្យុក្រុមហ៊ុនធំៗ និងល្បីជាច្រើនផ្តាច់កុងត្រាការងារភ្លាមៗជាមួយ Kris Wu ជាពិសេសបណ្តាញសង្គមចិនដ៏ល្បី គឺ Weibo បានផ្អាកគណនីផ្ទាល់ខ្លួនរបស់លោក និងគណនីផ្សេងទៀត ដែលបង្ហោះសារគាំទ្រតារារូបនេះ គឺត្រូវបាន Weibo លុបចោលផងដែរ។ ពេលនេះ គឺវីដេអូរបស់លោក រាប់លានក៏ត្រូវបានលុបចោលពីបណ្តាញសង្គមចិនថែមទៀត៕