(អាមេរិក)៖ ដើម្បីចូលរួមទប់ស្កាត់ការចែករំលែកនូវព័ត៌មានមិនពិតតាមប្រព័ន្ធអនឡាញ បណ្ដាញសង្គម Twitter បានប្រកាសកាលពីថ្មីៗនេះ ខ្លួនបានសហការជាមួយនឹងស្ថាប័នព័ត៌មានធំៗមួយចំនួនដើម្បីធ្វើការកំណត់ស្គាល់ និងបញ្ជាក់អំពីព័ត៌មាន ពិត និងមិនពិត ដោយឡែកនៅពេលនេះ Twitter បានដាក់ចេញនូវគោលការណ៍ថ្មីគឺអនុញ្ញាតឱ្យអ្នកប្រើអាច Report ទៅលើ Tweet ណាមួយថា វាជាព័ត៌មានក្លែង ឬមិនពិត។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មុខងារថ្មីនេះមានឈ្មោះ ថា «Report Tweet»។ អ្នកប្រើប្រាស់អាចធ្វើការ Report ទៅលើ Tweet ណាមួយដែលសង្ស័យបាន។ វាមានន័យថា បើសិនជាអ្នកប្រើប្រាស់ សង្ស័យថា Tweet មួយនោះ មានប្រភពមិនច្បាស់លាស់ ឬក៏ល្មើសទៅនឹងបំរាមរបស់ Twitter ឬក៏ចូលក្នុងលក្ខខណ្ឌណាមួយដែលជាប់សង្ស័យគឺអាចធ្វើការ Report បាន បន្ទាប់មកក្រុមការងារ Twitter នឹងធ្វើការឆែកទៅលើ Tweet នោះ។
និយាយជារួម គោលបំណងរបស់ Tweet ក្នុងការដាក់ឱ្យប្រើមុខងារនេះគឺដើម្បីកាត់បន្ថយព័ត៌មានមិនច្បាស់ការណ៍ ឬព័ត៌មានដែលនាំឱ្យ មានភាពយល់ច្រឡំ ដូចជាព័ត៌មានពាក់ព័ន្ធនឹងវ៉ាក់សាំងកូវីដ១៩ជាដើម។
បើតាមការបញ្ជាក់បន្ថែម មុខងារនេះអាចនឹងត្រូវដាក់ឱ្យប្រើសម្រាប់តែប៉ុន្មានប្រទេសសិនប៉ុណ្ណោះ មានដូចជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងអូស្ត្រាលី ចំណែកបណ្ដាប្រទេសផ្សេងៗទៀតនឹងត្រូវដាក់ឱ្យប្រើតាមក្រោយ៕