(ភ្នំពេញ)៖ ពិតជាទឹកចិត្តគួរឲ្យសរសើរ ខណៈដែលប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស័្មគ្រចិត្តជួយសង្គម បានប្រកាសនៅថ្ងៃនេះថា អ្នកនាង និងស្វាមីបានសម្រេចចិត្តទិញផ្លែមាន និងតាង៉ែន ពីបងប្អូនប្រជាកសិករតាមបណ្ដាខេត្តជាប់ព្រំដែន មានដូចជាប៉ៃលិន បាត់ដំបង និងខេត្តមួយចំនួនទៀត ដើម្បីចែកជូនដល់បងប្អូនសិល្បករ-សិល្បការិនី នៅក្នុងប្រទេសកម្ពុជា ដោយក្នុងម្នាក់ៗគឺទទួលបានចំនួន៣ គីឡូក្រាម។
លោក ហេង ឡុង បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងមុននេះថា «ដើម្បីចូលរួមរំលែកការលំបាករបស់ប្រជាកសិករ និងរដ្ឋាភិបាលកម្ពុជា ក្នុងបរិបទការរីករាលដាល នៃជំងឺកូវីដ-១៩ ខ្ញុំបាទ និងអ្នកនាង ចន ច័ន្ទលក្ខិណា ប្រកាសទិញផ្លែមៀន ១តោន ចែកជូនបងប្អូនសិល្បករ-សិល្បការិនី។ បងប្អូនសិល្បករ-សិល្បការិនី អាចអញ្ជើញទៅយកផ្លែមៀន ដោយឥតគិតថ្លៃ ១នាក់ ៣គីឡូក្រាម ពីគ្រប់សាខាផ្សារកសិផល ឡេង ណាវ៉ាត្រា ដោយគ្រាន់តែប្រាប់ឈ្មោះ និងលេខទូរស័ព្ទ ទៅកាន់បុគ្គលិកផ្នែកលក់របស់ផ្សារកសិផល ឡេង ណាវ៉ាត្រា ឬអាចទាក់ទងតាមលេខ ០៩៥ ៧៧៧ ៨៨៨ / ០៩០ ៥៥ ០០ ៩៩»។
សូមបញ្ជាក់ថា ស្របពេលដែលប្រជាកសិករ ដល់រដូវប្រមូលផលផ្លែមៀន និងតាង៉ែន នាតំបន់ក្បែរព្រំដែនកម្ពុជា-ថៃ មិនអាចនាំផលិតផលចេញទៅប្រទេសជិតខាងបាន ដោយសារតែវិបត្តិកូវីដ១៩ រាតត្បាតខ្លាំង នឹងកំពុងជួបការលំបាក ក្នុងការរកទីផ្សារលក់ចេញ ដែលយោងតាមការប៉ានប្រមាណផ្លែមៀន ប្រជាកសិករដែលកំពុងជាប់គាំងមានប្រមាណជា ៥ម៉ឺនតោននោះ កំពុងត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ប្រមូលទិញ ក្នុងតម្លៃមួយសមរម្យផងដែរ។
ប៉ុន្តែការប្រមូលទិញនេះ គឺសំដៅដល់កសិករក្រីក្រ ដែលដាំដុះដោយផ្ទាល់ មិនមែនសម្រាប់ម្ចាស់ដី ដែលមានចំការមៀនច្រើនឡើយ ពោលគឺបើជាចម្ការមៀនរបស់មន្ត្រីទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង៕