(ហាណូយ)៖ លោក Huang Guohui គ្រូបង្វឹកនៃក្រុមហែលទឹករបស់ប្រទេសវៀតណាម ក្នុងព្រឹត្តិការណ៍ Tokyo Olympics ត្រូវបានប្រទះឃើញថាស្លាប់ អំឡុងពេលធ្វើចត្តាឡីស័ក ពេលទៅដល់ប្រទេសវៀតណាមវិញ។ នេះបើតាមការផ្សាយដោយគេហទំព័រ Swimming World នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

លោក Huang អាយុ ៥៧ឆ្នាំជាជនជាតិចិន និងត្រូវបានស្គាល់ជាភាសាវៀតណាមថា Hoang Quoc Huy បានស្លាប់ក្នុងសណ្ឋាគារនៅទីក្រុងហាណូយ អំឡុងពេលដាក់ខ្លួនដោយឡែក ១៤ថ្ងៃ បន្ទាប់ពីត្រឡប់ពីព្រឹត្តិការណ៍ Tokyo។

មូលហេតុនៃការស្លាប់មិនទាន់ត្រូវបានបញ្ជាក់ទេ ប៉ុន្តែបើតាមសារព័ត៌មាន Vietnamese Express ករណីនេះកំពុងត្រូវបានស៉ើបអង្កេត ដែលអាចជាករណីធ្វើអត្តឃាត។

បើតាមប្រធានបេសកកម្ម Tran Duc Phan បានបញ្ជាក់ថា «លោក Huang បានស្លាប់កាលពីថ្ងៃទី១១ ខែសីហា។ យើងកំពុងស្ថិតនៅដោយឡែក ដូច្នេះយើងមិនដឹងពីស្ថានភាពនៅឡើយ ហើយយើងកំពុងរង់ចាំលទ្ធផលនៃការស៉ើបអង្កេតរបស់នគរបាល»

លោក Huang បានធ្វើការងារជាមួយកីឡាហែលទឹកវៀតណាម តាំងពីឆ្នាំ២០០៣។ គាត់បានជោគជ័យជាមួយយុទ្ធនាការ នៃការប្រកួតមួយចំនួនដូចជានៅ Asian Games និង Southeast Asian Games៕