(ជប៉ុន)៖ ករណីវិជ្ជមានជំងឺ COVID-19 លើកដំបូង ត្រូវបានរកឃើញ នៅក្នុងភូមិប៉ារ៉ាឡាំពិក (Paralympic Village) ប៉ុន្មានថ្ងៃ មុនពិធីបើកព្រឹត្តិការណ៍កីឡានេះ, នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី ខណៈជប៉ុនបាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងរលក នៃជំងឺឆ្លងនេះ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។

ករណីនេះ បានរកឃើញលើសមាជិកបុគ្គលិក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ដែលមិនមែនជាប្រជាពលរដ្ឋ រស់នៅក្នុងប្រទេសជប៉ុននោះទេ, នេះបើតាមការឲ្យដឹងពីអ្នករៀបចំកម្មវិធី ដែលមិនបានផ្តល់ព័ត៌មានលម្អិត។

អ្នករៀបចំកម្មវិធី បានបញ្ជាក់ថា គិតមកទល់ពេលនេះ មានករណីវិជ្ជមានចំនួន៧៤ករណីហើយ ដែលត្រូវបានរកឃើញ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ Paralympics, ដែលភាគច្រើនស្ថិតក្នុងចំណោម អ្នកម៉ៅការ និងបុគ្គលិកព្រឹត្តិការណ៍ ដែលរស់នៅក្នុងប្រទេសជប៉ុន។ ករណីវិជ្ជមាន៦ករណីទៀត ត្រូវបានរាយការណ៍ ដោយក្រុមម្ចាស់ផ្ទះ ទទួលបន្ទុកជំរុំហ្វឹកហាត់។

មិនទាន់មានករណីឆ្លងជំងឺ COVID-19 ត្រូវបានរាយការណ៍ ក្នុងចំណោមអត្តពលិក នៅក្នុងភូមិស្នាក់នៅ, ដែលបានបើកជូនអត្តពលិកប៉ារ៉ាឡាំពិក កាលពីថ្ងៃអង្គារ នៅឡើយនោះទេ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក នឹងចាប់ផ្តើមបើកនៅថ្ងៃទី២៤ ខែសីហាខាងមុខ ជាមួយនឹងអត្តពលិក ប្រមាណ៤,៤០០នាក់ មកពីប្រមាណ១៦០ក្រុម នឹងចូលរួម៕