(ប្រេស៊ីល)៖ ក្លិបបាល់ទាត់ Flamengo បានសម្រេចនូវការព្រមព្រៀងមួយ ជាមួយនឹងក្លិប Chelsea ដើម្បីចុះកិច្ចសន្យាយកខ្សែបម្រើស្លាប Kenedy លេងក្នុងលក្ខខណ្ឌខ្ចីជើង រយៈពេល១ឆ្នាំ, នេះបើតាមការបញ្ជាក់ពី ក្លិបម្ចាស់ពានរង្វាន់ជើងឯក Serie A របស់ប្រេស៊ីល ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។

កិច្ចសន្យានេះ ត្រូវបានគេរាយការណ៍ថា មានរួមបញ្ចូលនូវជម្រើសសម្រាប់ក្លិប Flamengo ក្នុងការទិញសិទ្ធសេដ្ឋកិច្ច របស់កីឡាករវ័យ២៥ឆ្នាំរូបនេះ ក្នុងតម្លៃ១២លានដុល្លារ នៅខែមិថុនា ឆ្នាំក្រោយ។

Kenedy ត្រូវបានគេរំពឹងថា នឹងទៅដល់ទីក្រុង Rio ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែក្លិប Flamengo មិនបានបញ្ជាក់ថាពេលណា ទើបកីឡាកររូបនេះ បង្ហាញខ្លួនលេងជាលើកដំបូង ឲ្យក្លិបនោះទេ។

អតីតកីឡាករលេងឲ្យក្លិប Fluminense, ដែលបានលេងតំណាងឲ្យប្រេស៊ីល ក្នុងកម្រិត U-17, U-20 និង U-23 រូបនេះ, បានបង្ហាញខ្លួន២៧ប្រកួត ឲ្យក្លិប Chelsea នៅគ្រប់ការប្រកួតទាំងអស់ ចាប់តាំងពីចូលរួមជាមួយក្លិប មានមូលដ្ឋាននៅទីក្រុង London មួយនេះ ក្នុងឆ្នាំ២០១៥។

លោកបានចំណាយពេលក្នុងរដូវកាលមុន លេងក្នុងលក្ខខណ្ឌខ្ចីជើង នៅឯក្លិប Granada របស់អេស្ប៉ាញ ដោយបានស៊ុតបញ្ចូលទី៨គ្រាប់ និងជួយឲ្យរកគ្រាប់បាល់បាន៦គ្រាប់ ក្នុងការប្រកួតចំនួន៤៤លើក៕