(អង់គ្លេស)៖ អ្នកចាត់ការក្លិបបាល់ទាត់ Brighton & Hove Albion លោក Graham Potter បានជំរុញឲ្យកីឡាករ ទៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បន្ទាប់ពីបានបាត់បង់សមាជិកគ្រួសារម្នាក់ ដោយសារជំងឺឆ្លងមួយនេះ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។
«ខ្ញុំមានបទពិសោធន៍ជាលើកដំបូង ដោយសមាជិកគ្រួសារខ្ញុំម្នាក់ ដែលមិនបានចាក់វ៉ាក់សាំង បានបាត់បង់ជីវិត ដោយសារជំងឺមួយនេះ», នេះបើតាមសម្តីលោក Potter បានលើកឡើង មុនពេលការប្រកួត ក្នុងលីគ Premier League នាថ្ងៃសៅរ៍ ដែលនឹងធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ក្រុមភ្ញៀវ Watford។
លោក Potter បានបន្ថែមថា «ខ្ញុំសូមណែនាំ (ចាក់វ៉ាក់សាំង) ដោយសារតែខ្ញុំមិនចង់ឲ្យអ្នកណាម្នាក់បន្ថែមទៀត មានបញ្ហាដូច្នោះនោះទេ»។
សូមបញ្ជាក់ថា ចំនួនករណីវិជ្ជមាន COVID-19 នៅលីគអង់គ្លេស Premier League បានកើនឡើង នាពេលថ្មីៗនេះ, ជាមួយនឹង១១ករណីថ្មី ត្រូវបានគេរាយការណ៍ នៅក្នុងការធ្វើតេស្តជុំថ្មីចុងក្រោយ នាថ្ងៃចន្ទ៕