(ជប៉ុន)៖ ព្រឹត្តិការណ៍កីឡា Tokyo Paralympics នឹងត្រូវប្រារព្ធឡើង ស្ថិតក្រោមកាលៈទេសៈ «ដ៏លំបាក», នេះបើតាមការលើកឡើង ពីអ្នករៀបចំកម្មវិធី នាថ្ងៃសុក្រនេះ, ជាមួយនឹងមន្ទីរពេទ្យ នៅទីក្រុងតូក្យូ ដែលធ្វើជាម្ចាស់ផ្ទះ ពោរពេញទៅដោយអ្នកជំងឺ COVID-19 ខណៈជប៉ុន បាននឹងកំពុងប្រយុទ្ធប្រឆាំងនឹង រលកឆ្លងដ៏អាក្រក់នៃជំងឺនេះ ជាពិសេសវីរ៉ុសបំប្លែងថ្មី Delta, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។
ជាមួយនឹងនៅសល់ពេលមកដល់មួយសប្តាហ៍ទៀត ព្រឹត្តិការណ៍ Paralympics នឹងចាប់ផ្តើមនោះ, សារព័ត៌មាន Asahi បានចេញផ្សាយនៅថ្ងៃសុក្រនេះថា មន្ទីរពេទ្យមួយ នៅទីក្រុងតូក្យូ បានបដិសេធ ចំពោះសំណើររបស់អ្នករៀបចំកម្មវិធី ក្នុងការទទួលយកករណីសង្គ្រោះបន្ទាន់ ពីព្រឹត្តិការណ៍នេះ ដោយដាក់អាទិ៍ភាព លើអ្នកជំងឺ COVID-19 នៅក្នុងស្រុក។
«មើលទៅស្ថានភាពវេជ្ជសាស្ត្រ, យើងមិនអាចជួយបាន ប៉ុន្តែយើងនឹងប្រារព្ធ Paralympics នៅចំណុចកណ្តាល នៃស្ថានភាពដ៏លំបាកនេះ», នេះបើតាមសម្តីលោក Hidemasa Nakamura មន្ត្រី Tokyo 2020 Games បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មាន។
អ្នករៀបចំកម្មវិធី បានលើកឡើងដែរថា ពួកគេនឹងអនុវត្តពិធីសារអនាម័យ COVID-19 សម្រាប់ព្រឹត្តិការណ៍ Paralympics ដូចទៅនឹងសៀវភៅណែនាំ ដែលបានប្រើប្រាស់ នៅអំឡុងពេលរៀបចំព្រឹត្តិការណ៍ Olympics ដែលបានបញ្ចប់កាលពីដើមខែនេះផងដែរ។
ជប៉ុន បានបន្តវិធានការភាពអាសន្ន ដើម្បីទប់ស្កាត់ COVID-19 នៅក្នុងរដ្ឋធានី និងតំបន់ផ្សេងទៀត ដែលនឹងអនុវត្តនៅអំឡុងពេលព្រឹត្តិការណ៍កីឡាធ្វើឡើង ដូចទៅនឹងព្រឹត្តិការណ៍ Olympics ផងដែរ ខណៈព្រឹត្តិការណ៍ Paralympics នឹងធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ដោយមិនមានអ្នកទស្សនាចូលរួមនោះទេ។
គួរបញ្ជាក់ថា មានករណីវិជ្ជមានថ្មី ចំនួន១២ករណី ត្រូវបានបញ្ជាក់នៅថ្ងៃសុក្រនេះ ស្ថិតក្នុងចំណោមអ្នកចូលរួមព្រឹត្តិការណ៍ Paralympic ក្នុងនោះម្នាក់ជាអត្តពលិក, នេះបើតាមការបញ្ជាក់ពីអ្នករៀបចំ Tokyo 2020៕