(អារ៉ាប៊ីសាអូឌីត)៖ ប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើជាម្ចាស់ផ្ទះវគ្គប្រកួតផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡាបាល់ទាត់ជើងឯកអាស៊ី (Asian Champions League) នៅក្នុងឆ្នាំនេះ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខ, នេះបើតាមការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។

ទីក្រុងសម្រាប់ការប្រកួត មិនទាន់ត្រូវបានប្រកាសឲ្យដឹងនៅឡើយនោះទេ, ប៉ុន្តែវគ្គប្រកួត៨ក្រុមចុងក្រោយ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពាក់ព័ន្ធនឹងក្រុមកីឡាករ ដែលមកពីភាគខាងលិចអាស៊ី ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី១៦ និង១៩ ខែតុលា ដាច់ដោយឡែកពីគ្នានោះ ក៏នឹងធ្វើឡើងនៅប្រទេស ដែលស្ថិតនៅតំបន់ឈូងសមុទ្រ Gulf នេះផងដែរ។

AFC ត្រូវផ្លាស់ប្តូរទម្រង់នៃការប្រកួត ដោយសារតែការដាក់កំហិត លើការធ្វើដំណើរដើម្បីទប់ស្កាត់ជំងឺ COVID-19 ដែលកំពុងអនុវត្ត នៅតាមបណ្តាប្រទេសអាស៊ីជាច្រើន ដោយការប្រកួតនៅក្នុងវគ្គជម្រុះតាមពូល ត្រូវប្រកួតនៅទីតាំងតែមួយ ជាជាងការប្រកួតនៅក្នុងទឹកដី និងក្រៅទឹកដី។

ការប្រកួតវគ្គ១៦ក្រុម នឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកញ្ញាខាងមុខ នៅជុំវិញតំបន់ ជាមួយនឹងការប្រកួត៨ក្រុមចុងក្រោយ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែកញ្ញា។

ចំពោះការប្រកួតវគ្គ៨ក្រុមចុងក្រោយ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សម្រាប់ក្លិបមកពីតំបន់ភាគខាងកើតអាស៊ី នឹងធ្វើឡើងនៅទីក្រុង Jeonju ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១៧ និងថ្ងៃទី២០ ខែតុលាខាងមុខ៕