(អាមេរិក)៖ ថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបរបស់ក្រុមហ៊ុន Google លោក David Feinberg បានប្រកាសនឹងលាឈប់ពីតំណែង ដោយត្រូវ ទៅ កាន់តំណែតថ្មីជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកសុខភាព។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។

លោក David Feinberg បច្ចុប្បន្នជាអគ្គនាយករងទទួលបន្ទុកផ្នែក Google Health ដែលវាជាផ្នែកមួយរបស់ Google ក្នុងការផ្ដល់សេវាកម្មសុខភាព ដោយរូបលោកទើបតែចូលកាន់តំណែងនេះកាលពីឆ្នាំ២០១៨ប៉ុណ្ណោះ ហើយបើយោងតាម សេចក្ដីប្រកាស បានឱ្យដឹងផងដែរថា លោក David Feinberg នឹងចូលកាន់តំណែង CEO នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាសុខភាព Cerner នាខែតុលា ជំនួស លោក Brent Shafer ប៉ុន្តែមូលហេតុផ្សេងមិនត្រូវបានបញ្ជាក់ឱ្យដឹងឡើយ។

លោក David Feinberg បាននិយាយកាលពីខែមិថុនាកន្លងទៅនេះថា លោកពិតជាសប្បាយរីករាយខ្លាំងណាស់នៅពេលដែលលោកបាន ជួយមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកតាមរយ:បច្ចេកវិទ្យា (សុខភាព) ហើយលោករំពឹងថា នៅពេលណាមួយលោកនឹង បង្កើតអ្វីដែល ជា ប្រយោជន៍ខ្លាំងបំផុតដល់សុខភាពមនុស្សទូទៅ។

នៅក្នុងសេចក្ដីប្រកាសរបស់ Google មិនបានបញ្ជាក់ថា លោក David Feinberg បានលាឈប់ដោយសារអ្វីឱ្យប្រាកដនោះទេ ហើយក៏ មិនបានប្រកាសថា នឹងមាននរណាមកឡើងកាន់តំណែងនេះជំនួសរូបលោកផងដែរ ខណ:ដែលបច្ចុប្បន្នគម្រោង Google Health មានបុគ្គលិកជាង ៥០០នាក់ កំពុងបម្រើការងារដើម្បីផ្ដល់សេវាកម្មផ្នែកសុខភាព។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាសុខភាព Cerner ទើបតែបង្កើតកាលពីដើមឆ្នាំនេះប៉ុណ្ណោះ ដោយមាន Brent Shafer ជា CEO និង Donald Trigg ជាប្រធានក្រុមហ៊ុន ហើយបើតាមសេចក្ដីប្រកាសគឺ លោក David Feinberg នឹងមកជំនួសតំណែង Brent Shafer ខណ: Donald Trigg នឹងលាឈប់ពីតំណែងប្រធានក្រុមហ៊ុន៕