(ភ្នំពេញ)៖ ក្រុមការពារតំណែងជើងឯកបឹងកេត បានប្រកាសចែកផ្លូវជាមួយខ្សែប្រយុទ្ធស៊ែប៊ី Marko Rajkovic ហើយ ក្រោយមិនសូវសមប្រកបក្នុងការរួមចំណែកជួយក្រុមក្នុងជើងទី១ នៃលីគកំពូលកម្ពុជា ស្របពេលក្រុមនាគខៀវ បានចុះកុងត្រានាំយកខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបអាស៊ីអឺរ៉ុប Abee Huber មកជំនួសកូតាកីឡាករបរទេសត្រៀមការប្រកួតនៅជើងទី២ ។

Marko Rajkovic បានចូលរួមជាមួយបឹងកេត កាលពីដើមរដូវកាល ប៉ុន្ដែឆ្លងកាត់ប្រកួតជើងទី១ កន្លងមក ខ្សែប្រយុទ្ធកម្ពស់ជិត ២ម៉ែត្ររូបនេះ ហាក់ធ្វើមិនសូវបានល្អឡើយ ដោយបង្ហាញខ្លួន ៧លើក(ភាគច្រើនប្ដូរចូល) និងរកបាន ១គ្រាប់ប៉ុណ្ណោះ ។ ការណ៍នេះ អាចជាហេតុផលដ៏សំខាន់ ដែលជំរុញឲ្យបឹងកេត សម្រេចចែកផ្លូវជាមួយអតីតសមាជិកក្លិប Happy Valley AA នៃលីគកំពូលហុងកុងតែម្ដង ។

យ៉ាងណាមិញមុនចែកផ្លូវជាមួយខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំខាងលើ អតីតក្រុមជើងឯក ៤សម័យកាលនេះ ត្រូវបានទម្លាយថា បានចុះកុងត្រាខ្សែប្រយុទ្ធចំណូលថ្មី ដើម្បីជំនួសកៅអី Marko Rajkovic រួចហើយ គឺកីឡាករសញ្ជាតិកាមេរ៉ូន Abee Huber ដែលផ្ទេរមកពីក្លិបបាល់ទាត់អាស៊ីអឺរ៉ុប ។ Abee Huber គឺជាបេក្ខភាព Top-Scorers ដែលឈរលេខរៀងទី២ ក្នុងបញ្ជីកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ ដោយរកបាន ១០គ្រាប់ម្នាក់ឯង ។

គួរដឹងថា បច្ចុប្បន្នក្រុមបឹងកេត កំពុងឈរលេខរៀងទី២ និងមាន ២១ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមកំពូលតារាងវិសាខា ១ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១០ប្រកួតឈ្នះ ៧ និងចាញ់ ៣ប្រកួត ៕