(រ៉ូម)៖ កីឡាករបាល់ទាត់ Manuel Locatelli ខ្សែបម្រើប្រយុទ្ធដែលទើបជួយក្រុមជម្រើសជាតិអ៉ីតាលី លើកពាន Euro 2020 បានក្លាយជាកីឡាករ Juventus ក្នុងតម្លៃ ៣៧.៥លានអឺរ៉ូ ឬស្មើនឹង ៤៤លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Football Italia នៅថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១។

ប្រភពព័ត៌មានអន្តរជាតិបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្សែប្រយុទ្ធដ៏មានទេពកោសល្យ បានជួយប្រទេសគាត់ឈ្នះពានអឺរ៉ុប Euro 2020 នៅរដូវក្តៅនេះ បានបង្ហាញពីបំណងនៃដំណើរអនាគតជាមួយក្លិបសេះបង្កង់ សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ បន្ទាប់ពីផ្ទេរមកពីក្លិប Sassuolo ក្នុងតម្លៃ ៤៤លានដុល្លារអាមេរិក»។

Locatelli បានធ្វើតេស្តសុខភាពរួចរាល់ហើយនៅកន្លែងហ្វឹកហាត់របស់ Juventus កាលពីព្រឹកថ្ងៃពុធ មុនចុះកិច្ចសន្យា ដែលអាចឲ្យគាត់លេងនៅកីឡដ្ឋាន Allianz Stadium រហូតដល់ឆ្នាំ២០២៦។

យ៉ាងនេះក្តី Locatelli មិនទាន់បានត្រៀមខ្លួនរួចរាល់ទេ ក្រោយបញ្ចប់ការប្រកួតនៅ Euro 2020 ហើយគាត់អាចនឹងត្រូវការពេលវេលា ដើម្បីបង្កើនល្បឿនឡើងវិញ មុនពេលពាក់អាវ Juventus ធ្វើសង្គ្រាមនៅលើសមរភូមិពណ៌បៃតង៕