(ក្រុងឡុងដ៍)៖ កីឡារករ Aaron wan-Bissaka ខ្សែការពារក្រុមបិសាចក្រហម Manchester United ត្រូវប្រឈមមុខនឹងជាប់ពន្ធនាគាររហូតដល់ទៅ ៦ខែ ដោយសារការបើកបររថយន្ត អំឡុងពេលដកហូតបណ្ណបើកបរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិ YB នៅថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១។

កីឡាករវ័យ ២៣ឆ្នាំខាងលើនេះត្រូវបានចោទប្រកាន់ពីការបើកបររថយន្ត Lamborghini Urus តម្លៃ ១៧ម៉ឺនផោន ដោយខ្លួនឯង អំឡុងពេលដកសិទ្ធិបើកបរនៅលើផ្លូវ Stockport ក្នុងតំបន់ Greater Manchester នាទីក្រុងឡុងដ៍កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

Wan-Bissaka ថែមទាំងប្រឈមមុខនឹងការចោទប្រកាន់ពីការបើកបរដោយគ្មានការធានារ៉ាប់រង និងការបើកបរខុសពីអាជ្ញាបណ្ណបើកបរ។ ប៉ុន្តែករណីនេះ ទើបត្រូវតុលាការ Stockport យកមកពិនិត្យកាលពីថ្ងៃព្រហស្បតិ៍ ខណៈខ្សែការពារខាងលើមិនចង់ចូលស្តាប់សវនការ ហើយគាត់ក៏មិនចង់ចូលទៅសារភាពទោសកំហុសអ្វីដែរ។

សវនាការត្រូវបានផ្អាកសិន ប៉ុន្តែនឹងត្រូវកំណត់ឡើងវិញនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។ យោងតាមច្បាប់អង់គ្លេស ទណ្ឌកម្មខ្ពស់បំផុត សម្រាប់ការបើកបរអំឡុងពេលដកសិទ្ធិបើកបរ ត្រូវមានទោសដាក់ពន្ធនាគារ ៦ខែ។

Wan-Bissaka បានចូលរួមជាមួយបិសាចក្រហម ក្រោយចេញពី Crystal Palace ជាមួយតម្លៃ ៥០លានផោនកាលពីឆ្នាំ២០១៩៕