(អ៊ីតាលី)៖ ក្លិបបាល់ទាត់ AC Milan បានចុះកិច្ចសន្យា ជាមួយខ្សែការពារលំដាប់អន្តរជាតិ សញ្ជាតិអ៊ីតាលី Alessandro Florenzi លេងក្នុងលក្ខខណ្ឌខ្ចីជើង រយៈពេល១រដូវកាល ផ្ទេរមកពីក្លិប AS Roma លេងនៅលីគ Serie A របស់អ៊ីតាលី ជាមួយនឹងជម្រើស អាចធ្វើកិច្ចសន្យាអចិន្ត្រៃយ៍, នេះបើតាមការបញ្ជាក់ពីក្លិបទាំងពីរ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ។

កីឡាករខ្សែការពារផ្នែកកណ្តាល វ័យ៣០ឆ្នាំ, ដែលជាផ្នែកមួយ នៃក្រុមជម្រើសជាតិអ៊ីតាលី ដែលបានឈ្នះពានរង្វាន់ជើងឯកអ៊ឺរ៉ុប (European Championship) រូបនេះ, បានលេង៤៥ប្រកួត ឲ្យក្រុមជម្រើសជាតិអ៊ីតាលី ជាមួយនឹងការស៊ុតបញ្ចូលទីបាន២គ្រាប់។

Florenzi បានបង្ហាញខ្លួនជាលើកដំបូង ក្នុងក្រុមលំដាប់កំពូលរបស់ក្លិប Roma ក្នុងឆ្នាំ២០១១ បន្ទាប់ពីឆ្លងកាត់ក្រុមលំដាប់យុវជនរបស់ក្លិប និងបានលេងជាង២៥០ប្រកួត ឲ្យក្លិបមួយនេះ អស់រយៈពេល៨រដូវកាល, ប៉ុន្តែបានចំណាយពេលវេលា២រដូវកាលចុងក្រោយនេះ លេងក្នុងលក្ខខណ្ឌខ្ចីជើង នៅឯក្លិប Valencia និងក្លិប Paris St Germain។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានរាយការណ៍ថា ក្លិប Milan បានចំណាយប្រាក់ឲ្យក្លិប Roma ចំនួន១លានអឺរ៉ូ (១.១៧លានដុល្លារ) សម្រាប់ការខ្ចីកីឡាករនេះ ជាមួយនឹងការបន្ថែម៤.៥លានអឺរ៉ូ អាចនឹងត្រូវចំណាយ ប្រសិនបើពួកគេ សម្រេចធ្វើកិច្ចសន្យាអចិន្ត្រៃយ៍៕