(វេណេស៊ុយអេឡា)៖ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ លោក Jose Peseiro បានលាលែងពីតំណែងជាអ្នកចាត់ការ ក្រុមបាល់ទាត់ជម្រើសជាតិវេណេស៊ុយអេឡា ដោយសារតែមូលហេតុហិរញ្ញវត្ថុ, នេះបើតាមការបញ្ជាក់ពីសហព័ន្ធបាល់ទាត់ របស់ប្រទេសនៅទ្វីបអាមេរិកខាងត្បូងមួយនេះ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ។

ការប្រកាសនេះ បានធ្វើឡើងមិនដល់២សប្តាហ៍នោះទេ មុនពេលការចាប់ផ្តើមប្រកួតចំនួន៣លើក ក្នុងវគ្គជម្រុះ World Cup នៅទ្វីបអាមេរិកខាងត្បូង ដែលវេណេស៊ុយអេឡា នឹងត្រូវជួបអាហ្សង់ទីន, ប៉េរូ និងប៉ារ៉ាហ្គាយ ក្នុងរយៈពេល៨ថ្ងៃ។

«ម្សិលមិញ យើងបានទទួលលិខិតមួយ ពី Jose Peseiro ដែលលោកបានបញ្ចប់កិច្ចសន្យារបស់លោក», នេះបើតាមប្រធានសហព័ន្ធកីឡាបាល់ទាត់វេណេស៊ុយអេឡា (FVF) លោក Jorge Gimenez បានប្រាប់អ្នកសារព័ត៌មាន។

ប្រធានសហព័ន្ធបានបញ្ជាក់ថា លោក Peseiro បានអះអាងថា ការបើកប្រាក់ខែយឺត គឺជាមូលហេតុនៃការសម្រេចចិត្ត លាលែងរបស់លោក។ បុរសវ័យ៦១ឆ្នាំនេះ បានលើកឡើងថា ប្រាក់ខែរបស់លោក រយៈពេល១ឆ្នាំហើយ មិនទាន់បានបើកនោះទេ។

លោក Peseiro, ដែលបានចូលកាន់តំណែងជាប្រធានគ្រូបង្វឹក របស់ក្រុមជម្រើសជាតិវេណេស៊ុយអេឡា ក្នុងខែកុម្ភៈ ឆ្នាំ២០២០នោះ, បានបង្ហោះលិខិតលាលែងពីតំណែងរបស់លោក នៅលើ Twitter ដោយពិពណ៌នាថា ស្ថានភាព «មិនស្ថិតស្ថេរ»។

យោងតាមលោក Gimenez, FVF មានបញ្ជីឈ្មោះបេក្ខជនរួចហើយ ដើម្បីបំពេញមុខតំណែងទំនេរនេះ។

សូមបញ្ជាក់ថា វេណេស៊ុយអេឡា បច្ចុប្បន្ន ឈរនៅលំដាប់ទី៩ ក្នុងក្រុមចំនួន១០ នៅក្នុងការប្រកួតជម្រុះតំបន់អាមេរិកខាងត្បូង ជាមួយនឹងជោគជ័យ១ប្រកួត ក្រោយការប្រកួតចំនួន៦លើក។ ក្រុមកំពូលចំនួន៤ នឹងទទួលបានកៅអីស្វ័យប្រវត្តិ សម្រាប់ការប្រកួត World Cup នាឆ្នាំក្រោយ នៅកាតា ខណៈក្រុមជាប់លំដាប់ទី៥ នឹងបន្តទៅប្រកួតជម្រុះអន្តរទ្វីប៕