(ម៉ាឌ្រីដ)៖ ក្លិប Sevilla លេងនៅលីគអេស្ប៉ាញ La Liga បានពង្រឹងការវាយប្រហាររបស់ពួកគេ ជាមួយនឹងការចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធ Rafa Mir ផ្ទេរមកពីក្លិប Wolverhampton, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ។

Mir វ័យ២៤ឆ្នាំ បានចូលរួមជាមួយក្លិប Sevilla បន្ទាប់ពីចំណាយពេល១៨ខែ លេងក្នុងលក្ខខណ្ឌខ្ចីជើង នៅក្លិប Huesca, បានជួយពួកគេឡើងទៅលីគ La Liga ហើយកាលពីរដូវកាលមុន បានស៊ុតបញ្ចូលទី១៣គ្រាប់ នៅក្នុងលីគកំពូលរបស់អេស្ប៉ាញនេះ។

គ្រាប់បាល់ទាំងនោះ បានជួយឲ្យលោក ស្ថិតក្នុងក្រុមអេស្ប៉ាញ ដែលបានឈ្នះមេដាយប្រាក់ ក្នុងការប្រកួតនៅ Tokyo Olympic Games ហើយលោកបានស៊ុតបញ្ចូលទី៣គ្រាប់ ក្នុងការប្រកួតតទល់នឹងកូតឌីវ័រ នៅវគ្គ៨ក្រុមចុងក្រោយ នៃការប្រកួតក្នុងក្របខណ្ឌនោះ។

ការចុះកិច្ចសន្យាជាមួយកីឡាករ Mir នេះ ត្រូវបានគេប៉ាន់ស្មានថា ក្លិប Sevilla ត្រូវចំណាយប្រមាណ១៥លានអឺរ៉ូ ជាមួយនឹងការលេង រហូតដល់ចុងខែមិថុនា ឆ្នាំ២០២៧៕