(ភ្នំពេញ)៖ ក្រោយចែកផ្លូវជាមួយកីឡាករបរទេសម្នាក់ដូចគ្នាកាលពីថ្មីៗ ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមការពារតំណែងជើងឯកបឹងកេត បានបង្ហាញសមាជិកថ្មី ដើម្បីបំពេញកូតាកីឡាករបរទេសត្រៀមជុំទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ វិញហើយដែលសុទ្ធតែកីឡាករសញ្ជាតិកាមេរ៉ូន រួមមានខ្សែបម្រើ Emmanuel Junior Mbarga Mkene និងប្រយុទ្ធ Abee Huber។

Emmanuel Mbarga នឹងត្រូវជំនួសកៅអីខ្សែបម្រើប្រេស៊ីល Thiago de Jesus ដែលព្រះខ័នរាជស្វាយរៀង ទើបប្រកាសចែកផ្លូវកាលពីពាក់កណ្ដាលសប្ដាហ៍កន្លងទៅ។ កីឡាករវ័យ ២២ឆ្នាំ គឺជាប្អូនប្រុសបង្កើតរបស់ម្ចាស់ស្បែកជើងមាស ២សម័យ Privat Mbarga ដែលផ្ទេរមកពីក្លិប Tours FC នៃប្រទេសបារាំង ហើយគេក៏លេងឲ្យក្លិប Agueda នៅព័រទុយហ្គាល់ និងធ្លាប់ជាប់ជម្រើសជាតិ U23 កាមេរ៉ូនទៀតផង។

ចំណែក Abee Huber បានផ្ទេរមកពីក្លិបអាស៊ីអឺរ៉ុប ចូលរួមជាមួយក្រុមបឹងកេត ដោយត្រូវជំនួសកៅអីខ្សែប្រយុទ្ធស៊ែប៊ី Marko Rajkovic។ មុនផ្ទេរមកក្រុមជើងឯក ៤សម័យ Abee Huber បានសាងភាពលេចធ្លោរជាខ្លាំងនៅជុំទី១ ទោះបីមិនអាចជួយអាស៊ីអឺរ៉ុប ឈរលេខរៀងល្អប្រសើរ ប៉ុន្ដែរូបគេបាននឹងកំពុងឈរលេខរៀងទី២ ក្នុងបញ្ជីកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ (Top-Scorers) ដោយរកបាន ១០គ្រាប់ម្នាក់ឯង។

គួរដឹងថា បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង និងបឹងកេត កំពុងឈរក្នុងប្រអប់ Top-4 បណ្ដោះអាសន្ន គិតត្រឹមសប្ដាហ៍ទី១១ នៃលីគកំពូលកម្ពុជា ក្នុងនោះដែរស្វាយរៀង ឈរលេខរៀងទី៤ រកបាន ១៩ពិន្ទុ ស្មើក្រុមណាហ្គាវើលដ៏ បន្ទាប់ពីឆ្លងកាត់ ១០ប្រកួត ឈ្នះ៦ ស្មើ១ និងចាញ់ ៣ប្រកួត ចាញ់ប្រៀបបឹងកេត ២ពិន្ទុ ដ្បិតក្រុមនាគខៀវឈរលេខរៀងទី២ និងមាន ២១ពិន្ទុក្នុងដៃជាមួយលទ្ធផល ១០ប្រកួត ឈ្នះ៧ និងចាញ់ ៣ប្រកួត៕