(បរទេស)៖ ថ្មីៗនេះសារព័ត៌មាន JTBC បានរាយការណ៍អំពីរឿងរ៉ាវមួយចំនួន របស់ក្មេងស្រីជំទង់ជាច្រើននាក់ ព្រមទាំងជាអ្នកគាំទ្រក្រុមចម្រៀង BTS នៅអាហ្វហ្គានីស្ថាន ដោយពួកគេមានការភ័យខ្លាចជាខ្លាំង ក្រោយក្រុមតាលីបង់ចូលកាន់កាប់អំណាច ដែលប្រការនេះធ្វើឲ្យពួកគេបង្ខំចិត្តដុតចោល ឬលាក់ រូបថត និង Albums របស់ BTS ដើម្បីការពារពីការធ្វើបាប ដោយក្រុមតាលីបង់។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Koreaboo នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

បើតាមការចុះផ្សាយបានឲ្យដឹងថា ក្មេងស្រីនៅអាហ្វហ្កានីស្ថាន មានភាពភ័យខ្លាចជាខ្លាំង ក្រោយឮថាក្រុមតាលីបង់ ពង្រត់ក្មេងស្រីៗ ហើយពួកគេស្នាក់នៅតែក្នុងផ្ទះប៉ុណ្ណោះ ចាប់តាំងពីក្រុមតាលីបង់ចូលកាន់កាប់អំណាច។ ពួកគេបាននិយាយថា លែងបានស្តាប់តន្ត្រីដែលពួកគេចូលចិត្តហើយ ដោយបច្ចុប្បន្នពេលពួកតាលីបង់ចូលកាន់កាប់ ពួកគេឮតែភ្លេងចម្លែករបស់តាលីបង់ពេញមួយថ្ងៃប៉ុណ្ណោះ។

បន្ថែមពីនេះ និសិ្សតវ័យ១៨ឆ្នាំម្នាក់បាននិយាយថា ស្ថានភាពរបស់ពួកគេបែបនេះ បានបង្ខំឲ្យពួកគេដុតឬលាក់ រូបថតនិងអាល់ប៊ុមទាំងអស់របស់ BTS ព្រោះកាលពីអតីតកាល ក្រុមតាលីបង់ មិនអនុញ្ញាតិឲ្យស្តាប់តន្ត្រីបរទេសដែលពេញនិយមឡើយ៕