(អាមេរិក)៖ ក្រុមហ៊ុន Apple ជារៀងរាល់ឆ្នាំតែងតែប្រកាសបង្ហាញផលិតថ្មីនៅក្នុងខែកញ្ញា ដោយឡែកនៅឆ្នាំនេះ ព័ត៌មានចចាមអារ៉ាម ជាច្រើន បានចេញផ្សាយថា Apple នឹងប្រកាសបង្ហាញ iPad 9 នៅខែក្រោយ ជាមួយនឹងរូបរាងដដែលប៉ុន្តែពោរពេញដោយសមត្ថភាព ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន 9to5Mac នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Apple ពិតណាស់គឺនឹង ប្រកាសបង្ហាញ iPad 9 នៅខែក្រោយ ហើយវត្តមាន iPad 9 នេះនឹងជួយជំរុញឱ្យ Apple លក់ iPad បានសរុប ៦០លានគ្រឿងរហូតដល់ បំណាចឆ្នាំនេះ។

ដោយឡែកសារព័ត៌មាន Bloomberg បានចេញផ្សាយកាលពីថ្មីៗនេះផងដែរថា iPad 9 គឺត្រូវបានផលិតឡើងដោយយកចិត្តទុកដាក់ និង ផ្ដោតសំខាន់សម្រាប់សិស្សនិស្សិត ជាមួយនឹងរូបរាងស្ដើង និងមានល្បឿនលឿនជាងម៉ូដែលមុនៗឆ្ងាយ។ មូលហេតុដែល Apple ផលិត iPad 9 ដោយផ្ដោតលើសិស្សនិស្សិតនេះគឺមកពីបច្ចុប្បន្នជំងឺកូវីដ១៩បានរីករាលដាលខ្លាំង ដែលនាំឱ្យការសិក្សាត្រូវធ្វើឡើងតាមរយ:អនឡាញ ដូច្នេះ iPad 9 គឺស័ក្តិសមបំផុត។

គួរបញ្ជាក់ផងដែរថា នៅខែកញ្ញាខាងមុខនេះ ក្រុមហ៊ុន Apple នឹងរៀបចំមហាព្រឹត្តិការណ៍មួយដើម្បីប្រកាសបង្ហាញផលិតផលថ្មី ដោយ នៅ ឆ្នាំ នេះគេរំពឹងថា Apple នឹងបង្ហាញ iPhone 13, iPad 9 និងម៉ាស៊ីន Mac ជំនាន់ថ្មី៕