(ឡុងដ៏)៖ ចាប់ផ្តើមការប្រជែងដល់សប្តាហ៍ទី២ នៃលីគអង់គ្លេស Premier League ក្រុមតោខៀវ Chelsea បានឡើងទៅឈរកំពូលតារាងក្រោយរកបាន ៦ពិន្ទុបន្ទាប់ពីយកឈ្នះក្រុម Arsenal ២-០ ដែលធ្វើឲ្យក្លាយជាកំណត់ត្រាអាក្រក់សម្រាប់លោក Mikel Arteta នៃរដូវកាលថ្មីដែលឈរនៅតំបន់បាតតារាងគ្មានពិន្ទុរាប់។

លោក Mikel Arteta ដែលជាអ្នកចាត់ការក្រុម Arsenal ធ្វើមិនបានល្អនោះទេ ដោយកំពុងគ្មានពិន្ទុរាប់គិតត្រឹម ២ប្រកួតដំបូងនៃលីគ Premier League ហើយក៏ជាលើកដំបូងដែល Arsenal ឈរនៅតំបន់កាត់ចោលចាប់តាំងពីឆ្នាំ១៩៩២។ ដោយបើកឆាកចាញ់ក្រុម Brentford ២-០ ដូចគ្នានៃការចាញ់ក្រុមភ្ញៀវ Chelsea ក្នុងទឹកដីនៃដើមរដូវកាលថ្មី ខណៈលោក Arteta បានបង្ហាញអារម្មណ៍ក្រោយចប់ការប្រកួតថា« ក្រុមកំពុងស្ថិតក្នុងភាពលំបាក់ និងជាកំណត់ត្រាដ៏អាក្រក់មួយនៃការចាប់ផ្តើមរដូវកាលថ្មី ដោយមិនមានគ្រាប់បាល់សោះ»។

ជំនួបរវាង Chelsea យកឈ្នះ Arsenal ២-០ នៃសប្តាហ៍ទី២ ជើងទី១ ក៏ជាការរកបានដោយខ្សែប្រយុទ្ធចំណូលថ្មីទិញក្នុងតម្លៃ ១៣៣លានដុល្លារ Romelu Lukaku នៅនាទី១៥ ដែលជាគ្រាប់ដំបូងរបស់គេ ហើយគ្រាប់ទី២ រកបានដោយខ្សែការពារ Reece James នៅនាទី៣៥ ដែលជួយឲ្យក្រុមដឹងនាំដោយលោក Tochel រកបាន ៦ពិន្ទុឈរកំពូលតារាងបណ្តោះអាសន្ន ដោយប្រកួតបន្ទាប់ត្រូវប៉ះក្រុម Liverpool ខណៈក្រុម Arsenal ប៉ះ Manchester City នៃសប្តាហ៍ទី៣ ជើងទី១៕