(ភ្នំពេញ)៖ ទីបំផុតក្រុមបាល់ទាត់ វិសាខា បានប្រកាសផ្លូវការនូវកីឡាករបរទេស ដែលត្រូវចែកផ្លូវនៅជុំទី២ នៃលីគកំពូលកម្ពុជាហើយ គឺខ្សែបម្រើអាហ្វហ្គានីស្ថាន Mustafa ZAZAI ។ ទន្ទឹមជាមួយគ្នា ក្រុមកំពុងឈរកំពូលតារាងបណ្ដោះអាសន្ននេះ ក៏ត្រៀមបង្ហាញកីឡាករថ្មី នាវេលាម៉ោង ៧យប់ថ្ងៃទី២៣ ខែសីហាដដែលនេះផងដែរ។

ការចែកផ្លូវជាមួយអតីតកីឡាករភ្នំពេញក្រោនខាងលើ បន្ទាប់ពីវិសាខា បាននាំយកកីឡាករបរទេស ២រូបមកពង្រឹងក្រុមនៅជុំទី២ រួមមានខ្សែប្រយុទ្ធប្រេស៊ីល Cristian Alex និងខ្សែប្រយុទ្ធកូរ៉េខាងត្បូង Lee Jae Gun។ ដូច្នេះនៅជុំទី២ វិសាខា នឹងមានកីឡាករបរទេសគ្រប់កូតា ៥នាក់ពេញ ខណៈ ៣នាក់ទៀត គឺមានខ្សែការពារអាហ្វ្រិកខាងត្បូង Khan Mohammed Faezz, ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ajayi Opeyemi Korede និងអតីតខ្សែប្រយុទ្ធជម្រើសជាតិកាណាដា Marcus Haber ។

ក្រោយប្រកាសចែកផ្លូវជាមួយ Mustafa ZAZAI ក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ បានប្រកាសត្រៀមចុះកុងត្រាជាមួយកីឡាករថ្មី ១រូបភ្លាមៗ ដែលគេជឿជាក់ថា ជាកីឡាករក្នុងស្រុក ដ្បិតវិសាខាមានកីឡាករបរទេសគ្រប់កូតា ៥រូបទៅហើយ។ អ្វីដែលពិសេសទន្ទឹមជាមួយការត្រៀមបង្ហាញសមាជិកថ្មី ស្រាប់តែមានព័ត៌មានចរចាមអារ៉ាមផ្ទុះឡើងថា ខ្សែការពារដ៏រឹងមាំមួយរូបរបស់ក្រុមជម្រើសជាតិកម្ពុជា ទំនងផ្ទេរចូលក្រុមខ្លាំងមួយនេះ គឺកីឡាករ ទេស សម្បត្តិ សមាជិកក្រុមនាគខៀវបឹងកេត។

ជុំវិញព័ត៌មាននេះ អ្នកគាំទ្របានសម្ដែងការចាប់អារម្មណ៍ជាខ្លាំង ចំពោះការដោះដូរមួយនេះ ដ្បិតទីផ្សារដោះដូរកីឡាករជាតិ កំពុងបើកទ្វារចំហរនៅឡើយ ក្រោយការពន្យារពេល រហូតដល់ថ្ងៃទី១០ ខែកញ្ញា ផ្ទុយពីទីផ្សារដោះដូរកីឡាករបរទេស ដែលត្រូវអនុវត្តតាមគោលការណ៍ចាស់ ដោយបានបិទបញ្ចប់ កាលពីថ្ងៃទី២០ ខែសីហាកន្លងទៅ។ ដូច្នេះសូមរង់ចាំទស្សនាទាំងអស់គ្នា តើខ្សែការពារ ទេស សម្បត្តិ ពិតជាចាកចេញពីក្រុមជើងឯក ៤សម័យបឹងកេត មកចូលរួមជាមួយក្រុមសេះជំទង់វិសាខាពិតមែនឬក៏អត់?

គួរបញ្ជាក់ថា បច្ចុប្បន្នវិសាខា កំពុងឈរកំពូលតារាង នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ ដោយរកបាន ២២ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ១០ប្រកួតឈ្នះ ៦ និងស្មើ ៤ មិនទាន់ស្គាល់ចាញ់ម្ដងឡើយ តាមពីក្រោយដោយក្រុមការពារតំណែងជើងឯក ដែលរកបាន ២១ពិន្ទុ និងក្រុមអង្គរថាយហ្គឺរ ដែលរកបាន ២០ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១០ប្រកួតដូចគ្នា៕