(សៀមរាប)៖ ជាសមិទ្ធផលមួយនារជ្ជកាលព្រះបាទជ័យវម៌្មទី២ ប្រាសាទតាដុង ត្រូវបានសាងសង់ឡើងអំពីឥដ្ឋ បែរមុខទៅកើត មានទីតាំងស្ថិតនៅភាគខាងកើតនៃជម្រាលជើងភ្នំគូលែន ពោលគឺនៅក្នុងភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ។ បច្ចុប្បន្ន ឥដ្ឋនៃខឿនមួយផ្នែករបស់ប្រាសាទឥដ្ឋនេះបានពុកផុយជ្រុះធ្លាក់ ដោយសារតែមានដើមឈើដុះលើជញ្ជាំង និងដំបូលប្រាសាទ។ ចំណែករួតទីមួយផ្នែកខាងកើតក៏ជ្រុះធ្លាក់ដែរ ដោយសារដើមឈើរលំលើ បណ្ដាលឱ្យមានស្នាមប្រេះហែកជញ្ជាំងទាំងបីជ្រុង។

ដើម្បីសង្គ្រោះប្រាសាទតាដុងឱ្យផុតពីហានិភ័យ អាជ្ញាធរជាតិអប្សរាក៏ធ្លាប់បានបញ្ចេញក្រុមអ្នកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ឱ្យចុះទៅពិនិត្យរិះរកវិធីសង្គ្រោះឱ្យបានទាន់ពេលវេលា។ ជាដំណាក់កាលទី១ ចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារខាងលើបានចាត់វិធានការទល់ទ្រពង្រឹងជាមុនសិន។

លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយមើលឃើញហានិភ័យរបស់ប្រាសាទតាដុង ទើបក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាបានចាប់ផ្ដើមរៀបចំទល់ទ្រសង្រ្គោះបន្ទាន់ នៅតាមផ្នែកជញ្ជាំងខាងកើត ដែលបម្រុងជ្រុះធ្លាក់ និងសម្អាតបរិវេណជុំវិញប្រាសាទ។

លោក ពុទ្ធ សុទ្ធ បន្ទាប់ពីប្រើវិធីទល់ទ្រសង្រ្គោះប្រាសាទតាដុងនេះរួចហើយ ក្រុមអ្នកបច្ចេកទេសក៏បានសិក្សា និងលើកគម្រោងជួសជុល ដើម្បីលើកតម្លៃប្រាសាទតាដុងសម្រាប់ផែនការឆ្នាំខាងមុខ។

សូមជម្រាបថា ប្រាសាទតាដុង ត្រូវសង់ឡើងតាមរចនាប័ទ្មគូលែន នាអំឡុងសតវត្សទី៩ ពោលគឺក្នុងរជ្ជកាលព្រះបាទជ័យវម៌្មទី២ (រជ្ជកាលសោយរាជ្យ ៨០២-៨៣៥) ដែលចុងក្រោយព្រះអង្គបានតាំងរាជធានីនៅមហិន្ទ្របវ៌ត ពោលគឺស្ថិតនៅភ្នំគូលែនបច្ចុប្បន្ន៕