(ឡុងដ៏)៖ ក្លិប Norwich City បានព្រមព្រៀងចុះកិច្ចសន្យាជាមួយកីឡាករខ្សែការពារ Brandon Williams ផ្ទេរមកពីក្លិប Manchester United លេងក្នុងលក្ខខណ្ឌខ្ចីជើង រយៈពេល ១រដូវកាល, នេះបើតាមការបញ្ជាក់ពីក្លិបទាំងពីរ ដែលលេងនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ។

កីឡាករលំដាប់អន្តរជាតិ ដែលស្ថិតក្នុងក្រុម Under-21 ជម្រើសជាតិអង់គ្លេស Williams វ័យ ២០ឆ្នាំបានបង្ហាញខ្លួន ១៤ប្រកួតឲ្យក្លិប Man United ក្នុងការប្រកួតទាំងអស់កាលពីរដូវកាលមុន ខណៈរូបគេជាកីឡាករ ១០ហើយដែលបានចុះកិច្ចសន្យានាពេលថ្មីៗនេះជាមួយក្លិប Norwich City។

ក្នុងនោះក្លិប Norwich City ក្នុងរយៈពេលថ្មីនេះបាននាំចូលកីឡាករ Billy Gilmour (លេងក្នុងលក្ខខណ្ឌខ្ចីជើង ផ្ទេរមកពីក្លិប Chelsea),កីឡាករ Angus Gunn (មកពី Southampton) និងកីឡាករ Christos Tzolis (មកពីក្លិប PAOK) ដែលនេះជាការបន្ថែមកីឡាករដ៏គួរឲ្យចាប់អារម្មណ៍ក្នុងចំណោមកីឡាករផ្សេងទៀត។

សូមបញ្ជាក់ថាក្លិប Norwich City សម្រាប់ការប្រកួតបើឆាករដូវកាលថ្មីនេះបានប្រកួតចាញ់ក្លិប Manchester City ក្នុងលទ្ធផល៥-០ ក្នុងការប្រកួតក្នុងលីគ Premier League សប្តាហ៍ទី២ ខណៈនឹងបន្តបើកទ្វាផ្ទះស្វាគមន៍ក្រុមភ្ញៀវ Bournemouth នៃការប្រកួតពាន EFL Cup នៅយប់ថ្ងៃអង្ការ៍ ទី២៥ ខែសីហា ឆ្នាំ២០២១៕