(អាមេរិក)៖ នាយកប្រតិបត្តិក្រុមហ៊ុន Apple Inc , ក្រុមហ៊ុន Microsoft Corp និងក្រុមហ៊ុន Amazon.com Inc គ្រោងនឹងចូលរួមកិច្ចប្រជុំនៅសេតវិមានជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមហ៊ុនឯកជនក្នុងការកែលម្អសន្តិសុខតាមអ៊ីនធើណែត បន្ទាប់ពីការកើនឡើងយ៉ាងខ្លាំងនៃការវាយលុកមេរោគ និងការវាយលុកតាមអ៊ីនធើណែតនៅក្នុងអំឡុងឆ្នាំមុន និងឆ្នាំនេះ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple , លោក Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុន Microsoft និងលោក Andy Jassy នាយកប្រតិបត្តិ ថ្មី របស់ក្រុមហ៊ុន Amazon នឹងចូលរួមកិច្ចប្រជុំនៅសេតវិមានជាមួយលោក Joe Biden នៅថ្ងៃពុធសប្ដាហ៍នេះ។

នៅក្នុងកិច្ចប្រជុំនោះនឹងត្រូវពិភាក្សាគ្នាទៅលើកិច្ចខិតខំប្រែងរបស់អង្គភាពផ្សេងៗក្នុងការទប់ស្កាត់ និងកែលម្អឡើងវិញនូវប្រព័ន្ធសន្តិសុខ តាម អនឡាញ ដែលកិច្ចខិតខំប្រឹងប្រែងមានការចូលរួមសហការពីសំណាក់រដ្ឋាភិបាលផងដែរ។ ក្រុមហ៊ុនផ្ដល់សេវាកម្ម និងផ្គត់ផ្គង់ Software ធំៗ ទាំងនេះនឹង ពង្រឹងទៅលើសង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀតដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការវាយប្រហារតាមអនឡាញឱ្យបាន។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះមានការវាយប្រហារពីសំណាក់ Hacker មកលើក្រុមហ៊ុនឯកជនធំៗជាច្រើន ដែលបង្កឱ្យមានការព្រួយបារម្ភ ជា ខ្លាំងពីសំណាក់ះអ្នកប្រើប្រាស់ ជាក់ស្ដែងទិន្នន័យអ្នកប្រើប្រាស់របស់ក្រុមហ៊ុន T-Mobile និង AT&T រាប់លាននាក់ត្រូវបានបែកធ្លាយ និងរងការ រំលោភបំពាន ព្រមទាំងត្រូវបានដាក់លក់នៅលើទីផ្សារងងឹត៕