(អាមេរិក)៖ តារាសម្តែងប្រុស Deniel Craig ដែលល្បីខ្លាំង តាមរយៈការសម្តែងតួអង្គ James Bond 007 ត្រូវបានរាយការណ៍មកថា ជាប់ឈ្មោះជាតារាសម្តែងប្រុស រកចំណូលបានច្រើនជាងគេ ប្រចាំឆ្នាំ២០២១នេះ ជាមួយប្រាក់ចំណូល ១០០លានដុល្លារអាមេរិក។ ប្រការនេះធ្វើឲ្យលោក វ៉ាដាច់តារាសាច់ដុំ The Rock តែម្តង ខណៈ The Rock គឺទទួលបានប្រាក់ចំណូល ចំនួន៥០លានដុល្លារ ក្នុងឆ្នាំ២០២១នេះ។

បើតាមប្រភពទស្សនាវដ្តី Variety បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យតារាវ័យ៥៣ឆ្នាំ Deniel Craig ទទួលប្រាក់ចំណូលច្រើន ក្នុងឆ្នាំ២០២១ រហូតដល់ ១០០លានដុល្លារ គឺក្រោយពីលោកបានចុះកុងត្រា ថតភាពយន្តចំនួន២ ជាមួយក្រុមហ៊ុន Neflix។ បើនិយាយទៅប្រាក់ចំណូលភាគច្រើន គឺទទួលបានពីការចុះកុងត្រា ថតភាពយន្តបែបឃាតកម្ម មានចំណងជើងថា «Knives Out» ចំនួន២វគ្គ ខណៈរឿងទាំងនេះត្រូវបានក្រុមហ៊ុន Netflix ទិញសិទ្ធិផ្តាច់មុខ។

គួរជម្រាបថា ក្រៅពី Deniel Craig ជាប់លេខរៀងទី១ ក្នុងនាមតារារកប្រាក់ចំណូលច្រើនជាងគេ ប្រចាំឆ្នាំ២០២១ ជាមួយទឹកប្រាក់ ១០០លានដុល្លារអាមេរិក និងតាមពីក្រោយដោយ The Rock ជាមួយទឹកប្រាក់៥០លានដុល្លារអាមេរិក គឺមានតារាសម្ដែង Will Smith (វីល ស្មីត) និងតារាសម្ដែង Denzel Washington (ដេនហ្សេល វ៉ាស៊ីងតោន) ដែលរកប្រាក់ចំណូលបានប្រមាណ ៤០លានដុល្លារដូចគ្នា ដែលធ្វើឲ្យអ្នកទាំងពីរជាប់ក្នុងលេខរៀងទី៣៕