(ភ្នំពេញ)៖ កញ្ញាឯកតំណាងកម្ពុជា «Miss Universe Cambodia» ដែលបានទៅចូលរួមប្រកួតនៅសហរដ្ឋអាមេរិក កញ្ញា រ៉េត សារីតា បានប្រកាសជំហររបស់ខ្លួនថា នាងនឹងប្ដេជ្ញាចិត្តខ្ពស់បំពេញតួនាទីឲ្យបានល្អបំផុត ដើម្បីតំណាងភាពអង់អាចរបស់ស្ត្រី និងជាគំរូសម្រាប់ស្ត្រី និងក្មេងស្រីនៅកម្ពុជា ក្នុងការចូលរួមលើកកម្ពស់សីលធម៌សង្គម និងសុខុមាលភាព តាមរយៈការចូលរួមទប់ស្កាត់អំពើហឹង្សាលើស្ត្រី និងក្មេងស្រីក្នុងសង្គមជាតិ បន្ទាប់ពីរូបនាង ត្រូវបានក្រសួងកិច្ចការនារី ផ្ដល់ទំនុកចិត្តជ្រើសរើសឲ្យក្លាយជា «ទូតសុឆន្ទៈ» កាលពីពេលថ្មីៗនេះរួចមក។

ថ្លែងប្រាប់ Fresh News Plus នៅព្រឹកនេះ កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ បានសម្ដែងក្ដីរីករាយ និងមិននឹកស្មានថា រូបនាងមានកិត្តិយសធំធេង ចំពោះការផ្ដល់តួនាទីជាទូតសុឆន្ទៈដំបូងគេ របស់ក្រសួងកិច្ចការនារី ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងភាពអង់អាច ដល់ស្ត្រីនិងក្មេងស្រី តាមរយៈការផ្សព្វផ្សាយ និងបង្កើនការយល់ដឹងរបស់សាធារណជន អំពីសមាសភាពយេនឌ័រ និងរួមចំណែកកាត់បន្ថយរាល់ទម្រង់ នៃការរើសអើង និងអំពើហឹង្សាគ្រប់រូបភាព លើស្ត្រីនិងក្មេងស្រី ក្នុងប្រទេសកម្ពុជាបែបនេះឡើយ។

រ៉េត សារីតា និយាយថា «ច៎ាបង..! ភារកិច្ចដែលក្រសួងបានប្រគល់ជូនខ្ញុំនៅពេលនេះ ខ្ញុំនឹងបំពេញឲ្យបានល្អបំផុត ដើម្បីតំណាងភាពអង់អាចរបស់ស្ត្រី និងជាគំរូសម្រាប់ស្ត្រី និងក្មេងស្រីនៅកម្ពុជា ក្នុងការចូលរួមលើកកម្ពស់សីលធម៌សង្គម និងសុខុមាលភាព ព្រមទាំងកាត់បន្ថយភាពងាយរងគ្រោះរបស់អ្នកទាំងនោះ តាមរយៈការចូលរួមទប់ស្កាត់អំពើហឹង្សាលើស្ត្រី និងក្មេងស្រីក្នុងសង្គមជាតិ និងចូលរួមផ្លាស់ប្តូរ ផ្នត់គំនិត និងទស្សនៈរបស់សង្គម។ ស្ត្រីជាធនធានមនុស្សដ៏មានសក្ដានុពល និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានរបស់បុរស ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិទាំងមូល»

កញ្ញាឯកតំណាងកម្ពុជា «Miss Universe Cambodia» រូបនេះ បានបន្តទៀតថា បន្ទាប់ពីមានកិច្ចព្រមព្រៀងនេះរួចមក សម្រាប់រូបនាង និងក្រសួងកិច្ចការនារី គឺមានគម្រោងតូចធំជាមួយគ្នាច្រើន សម្រាប់រយៈពេល១ឆ្នាំពេញ ហើយខាងក្រសួងនឹងរកពេលវេលាសមស្របណាមួយ ដើម្បីជួបរូបនាងផ្ទាល់ ពិភាក្សាគ្នាលើការងារនានាដែលបានដាក់ជូន ផ្ដោតសំខាន់លើស្រ្តី និងកុមារ ហើយនិងចុះទៅកាន់ទីតាំងផ្សេងៗ នៅពេលស្ថានភាព នៃជំងឺកូវីដ-១៩ បានធូរស្បើយ។

ថ្មីៗនេះ ក្រសួងកិច្ចការនារី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈ តាមរយៈ ZOOM ជាមួយកញ្ញា រ៉េត សារីតា បវរកញ្ញាឯកចក្រវាលកម្ពុជា ឆ្នាំ២០២០ ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ប្រកបដោយបរិយាបន្នក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាពលោកស្រី ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការក្រសួងកិច្ចកានារី និងជាតំណាង លោកស្រីរដ្ឋមន្រ្តី អ៊ឹង កន្ថាផាវី។

គោលបំណងនៃកិច្ចព្រមព្រៀងនេះ គឺផ្តល់កិច្ចសហការក្នុងការរួមគ្នាលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីប្រកបដោយបរិយាបន្ន រួមទាំងក្រុមជនងាយរងគ្រោះ និងក្រុមបាត់បង់ឱកាសក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើនការយល់ដឹងជាសាធារណៈ ដើម្បីឲ្យមានការផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតអវិជ្ជមានរបស់សង្គមលើស្រ្តី និងក្មេងស្រី ក្រុមជនងាយរងគ្រោះ និងក្រុមបាត់បង់ឱកាស សំដៅរួមចំណែកកាត់បន្ថយ រាល់ទម្រង់នៃការរើសអើង និងអំពើហិង្សាគ្រប់រូបភាព និងឈានឆ្ពោះទៅសម្រេចបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា «ដោយមិនទុកនរណាម្នាក់ឲ្យនៅឯកោ»។

សូមរំឭកថាកញ្ញា រ៉េត សារីតា បានចាកចេញពីមាតុភូមិ ទៅចូលរួមកម្មវិធី «Miss Universe International» នៅអាមេរិក កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ស្របពេលពិភពលោកទាំងមូល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្នុងដំណើរចាកចេញពីប្រទេសពេលនោះ បេក្ខនារីកម្ពុជាដែលមានជំនាញអាចនិយាយបាន ៣ភាសា កញ្ញា រ៉េត សារីតា បាននាំយកនូវឈុតតំណាងជាតិ ដែលមានឈ្មោះថា «ទេពរួបរួម» និងក្បាច់គុនល្បុក្កតោខ្មែរ ទៅបង្ហាញនៅលើឆាកអន្តរជាតិ។

ត្បិតថា កញ្ញាឯកតំណាងកម្ពុជា រ៉េត សារីតា ពុំទទួលបានជយលាភីគ្រងមកុដក្នុងព្រឹត្តិការណ៍ «Miss Universe International» ក៏ពិតមែន ប៉ុន្តែកញ្ញាបានធ្វើឲ្យមហាជនខ្មែរមានមោទនភាព និងកោតសរសើរដល់កញ្ញាគ្រប់គ្នា ដោយសារតែការទៅចូលរួមនោះ នាងបានបង្ហាញភាពក្លាហាន ប្រកបដោយភាពស្វាហាប់របស់ខ្លួន រួមផ្សំសមត្ថភាពចំណេះដឹង គួរឲ្យសរសើរ និងមានប្រជាពលរដ្ឋខ្មែរនៅអាមេរិក ទទួលរាក់ទាក់យ៉ាងកក់ក្តៅផងដែរ៕