(ភ្នំពេញ)៖ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជដែលមានសាខាច្រើនជាងគេមួយនៅកម្ពុជា បានប្រកាសជាផ្លូវការអំពីការសម្ពោធសាខាបម្រើសេវាធនាគារពេញលេញចំនួនពីរបន្ថែមទៀត ដែលមានទីតាំងសាខាច្បារអំពៅ ស្ថិតនៅ អគារលេខ ៥៧១ និង ៥៧២ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងសាខា ព្រែកតាមាក់ ស្ថិតនៅលើផ្លូវជាតិលេខ៨ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បន្ទាប់ពីការរួមបញ្ចូលគ្នាកាលពីដើមឆ្នាំ២០២០ សាខាទាំងពីរខាងលើត្រូវបានបើកបម្រើសេវាធនាគារពេញលេញ បន្ទាប់ពីសាខាមានជ័យ សាខាទួលគោក និងសាខាបឹងកេងកង។ សាខាច្បារអំពៅ និង សាខា ព្រែកតាមាក់ ត្រូវបានរចនាជាថ្មី ទាំងរូបរាងអាគារ កន្លែងរងចាំ និងបញ្ជរសម្រាប់បម្រើអតិថិជន ប្រកបដោយផាសុកភាព និងភាពងាយស្រួល ។ បុគ្គលិករបស់សាខាពោរពេញដោយជំនាញវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ជានិច្ចក្នុងការស្វាគមន៍ និងឆ្លើយតបរាល់ចម្ងល់ពាក់ព័ន្ធនឹងផលិតផល ឬសេវានានារបស់ធនាគារ។

លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព បានថ្លែងក្នុងពិធីសម្ពោធកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ថា «ចាប់ពីពេលនេះ សេវាកម្ម និងផលិតផលហិរញ្ញវត្ថុរបស់សាខាសាខាច្បារអំពៅ និងសាខាព្រែកតាមាក់ នឹងផ្តល់ជូនតាមតម្រូវការទាំងសាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និងបុគ្គល។ សេវាកម្ម ផលិតផលហិរញ្ញវត្ថុដែលទំនើប និងពេញលេញរួមមាន ហិរញ្ញប្បទានពាណិជ្ជកម្ម មូលប្បទានបត្រធនាគារ សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស ព្រមទាំងផលិតផល និងសេវាផ្សេងៗ»។

លោកអគ្គនាយកថ្លែងបន្តថា «យើងបានកំណត់យុទ្ធសាស្រ្តរយៈពេលវែង និងរយៈពេលខ្លី ដើម្បីសម្រេចជោគជ័យ ប្រសិទ្ធភាព និងប្រសិទ្ធផល ដែលរាប់បញ្ចូលទាំងមុខមាត់ថ្មីរបស់សាខានីមួយៗ គុណភាពសេវាកម្ម ប្រសិទ្ធភាពផលិតផលដែលដាក់ចេញជូនដល់អតិថិជនរបស់យើងបានប្រើប្រាស់ប្រកបដោយគុណភាពខ្ពស់។ ឆាប់ៗនេះ យើងនឹងដាក់ឲ្យប្រើប្រាស់សេវាកម្មធនាគារស្វ័យប្រវត្តិ ហៅកាត់ថា អេធីអឹម ជូនដល់អតិថិជនអាចប្រើប្រាស់សេវាកម្មធនាគារយើងបាន៧ថ្ងៃក្នុងមួយសប្តាហ៍»។

លោកបន្ថែមថា ដើម្បីជាកាដូក្នុងឱកាសពិធីសម្ពោធ សាខាទាំងពីរនេះ ធនាគារ ហ្វីលីព បានរៀបចំការផ្តល់ជូនជាពិសេសសម្រាប់អតិថិជនរបស់ខ្លួន ក្នុងទិសដៅឲ្យអតិថិជនក្នុងតំបន់ចាប់ផ្តើមប្រើប្រាស់ និងបង្កើនការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ធនាគារ ហ្វីលីព។ ប្រូម៉ូសិននោះផ្តល់ជូនទាំងអតិថិជន សន្សំ និងកម្ចី ទាំងក្រុមហ៊ុន សហគ្រាស និងឯកត្តជនផងដែរ៕