(ប៉ារីស)៖ ក្លិបបាល់ទាត់ Nice និងក្លិប Marseille ត្រូវបានរងពិន័យ ៤ប្រកួត បន្ទាប់ពីមានហឹង្សានៅអំឡុងការប្រកួតសប្តាហ៍ទី៣ ដែលត្រូវផ្អាកកណ្តាលទីកាលពីថ្ងៃទី២៣ ខែសីហានៃលីគកំពូលបារាំង Ligue 1 ហើយនៅពេលនេះអាជ្ញាធរបានបញ្ជាឲ្យផ្អាកការប្រកួត ៤លើក បន្ទាប់សិន និងចាប់ខ្លួបបុរសម្នាក់ដែលបានបង្ហាញទង្វើមិនល្អ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

បញ្ហានេះកើតឡើង បន្ទាប់ពីមានបុរសម្នាក់បានគប់ដបទឹកទៅលើកីឡាករ Dimitri Payet ដែលជាខ្សែបម្រើក្លិប Marseille ហើយកីឡាកររូបនេះក៏គប់ដបនោះទៅក្នុងហ្វូងមនុស្សវិញ ក៏បង្កឡើងជាជម្លោះនៅអំឡុងពេលប្រកួត ដែលជាការបង្កហឹង្សារវាងអ្នកគាំទ្រ និងកីឡាករ ហើយបុរសម្នាក់វ័យ ២៨ឆ្នាំ ត្រូវបានចាប់ខ្លួនបន្ទាប់ពីចូលរួមជម្លោះនេះ។

គួររំលឹកផងថា ក្រោយផ្អាកការប្រកួតនោះដែលកំពុងស្ថិតក្នុងលទ្ធផល Nice ១-០ Marseille ក្រុមកីឡាករ Nice បានចេញមកទីលាន ដើម្បីបញ្ចប់ការប្រកួត ប៉ុន្តែក្រុមកីឡាករ Marseille មិនព្រមចេញមកប្រកួតនោះទេ។

ក្នុងនោះមន្ត្រីនៅតំបន់ Alpes Maritimes រួមជាមួយស្ថាប័នបាល់ទាត់អាជីពបារាំង (LFP) ដោយមើលឃើញពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ ក៏សម្រេចបិទការប្រកួតចំនួន ៤ប្រកួតបន្ទាប់ ដោយគណៈកម្មការនឹងកោះហៅក្រុមទាំងពីរមកទទួលពិន័យនៅថ្ងៃពុធ ទី២៥ ខែសីហាស្អែកនេះ នៅពេលដែលលោក Roxana Maracineanu រដ្ឋមន្ត្រីកីឡាបារាំងបានហៅព្រឹត្តិការណ៍នោះថា ជាការប្រមាថចំពោះកីឡាករ និងបាល់ទាត់៕