(លីវើភូល)៖ ក្លិប Liverpool របស់អង់គ្លេសបានព្រមព្រៀងជាមួយក្លិប Lyon ក្នុងការផ្ទេរយកកីឡាករខ្សែបម្រើសញ្ជាតិស្វីស Xherdan Shaqiri ក្នុងតម្លៃប្រមាណ ១៣លានដុល្លារ ដែលមានរយៈពេលកិច្ចសន្យា ៣ឆ្នាំនៅលីគបារាំង Ligue 1 ដែលរដូវកាលមុនរូបគេលេងបានតែ ៥ប្រកួតពេញប៉ុណ្ណោះ ស្ថិតក្រោមការដឹកនាំរបស់លោក Jurgen Klopp។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

ខ្សែបម្រើវ័យ ២៩ឆ្នាំ Shaqiri ត្រូវបានក្លិប Liverpool ទិញមកក្នុងតម្លៃ ១៣លានផោនកាលឆ្នាំ២០១៨ ពីក្លិបរួមលីគ Stoke City នៅពេលដែលរដូវកាលថ្មីនេះ រូបគេមិនទាន់បានបង្ហាញខ្លួននោះទេ ដោយរូបគេជាអតីតខ្សែបម្រើក្លិប FC Bayern Munich និងក្លិប Inter Milan ដែលជាខ្សែបម្រើម្នាក់ឈ្នះពាន Premier League និងពានធំ UEFA Champions League ជាមួយក្លិបលេងនៅកីឡដ្ឋាន Anfield។

Shaqiri បានក្លាយជាកីឡាករខ្សែបម្រើទី២ ដែលផ្ទេរពីក្លិប Liverpool ទៅលេងនៅលីគបារាំង Ligue 1 រដូវកាលនេះ បន្ទាប់ពីខ្សែបម្រើ Georginio Wijnaldum ទៅចូលរួមជាមួយក្លិប PSG បន្ទាប់ផុតកិច្ចសន្យា។ ក្នុងនោះដែរខ្សែបម្រើ Shaqiri នៅអំឡុងលេងជាមួយ Liverpool រូបគេរកបាន ៨គ្រាប់ ក្នុងចំណោម ៦៣ប្រកួត និងលេងបាន ៩៦ប្រកួតជាមួយក្រុមជម្រើសជាតិស្វីស និងរកបាន ២៦គ្រាប់ផងដែរ៕