(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងជំរុញការជួសជុលខ្លោងទ្វារខាងកើតប្រាសាទប្រែរូប ដែលរងនូវការខូចខាតជាច្រើនអន្លើ បន្ទាប់ពីបានចាប់ដំណើរការជួសជុលកាលពីខែកុម្ភៈ ឆ្នាំ២០២១។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការជួសជុលមានការលំបាកខ្លាំង ដោយមូលហេតុរចនាសម្ពន្ធសំណង់មានភាពស្មុគស្មាញ ទាមទាការយកចិត្តទុកដាក់ខ្ពស់ ពិសេសបច្ចេកទេសពង្រឹងនៅតាមផ្នែកទ្រទម្ងន់ និងទប់ជំហរជញ្ជាំងរបស់ប្រាសាទ។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ការជួសជុលសម្រេចបានជាង ៦០ ភាគរយ ហើយគ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២១ ខាងមុខ។
សូមជម្រាបថា ប្រាសាទប្រែរូប ត្រូវបានសាងសង់ឡើងអំពីឥដ្ឋតាមរចនាប័ទ្មឃ្លាំង ប៉ុន្តែព័ទ្ធជុំវិញដោយជញ្ជាំងថ្មបាយក្រៀម ដែលស្ថាបនាឡើងនៅអំឡុងសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវម៌្មទី២ ដើម្បីឧទ្ទិសចំពោះព្រះសិវៈ ឬព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទភ្នំមួយនេះស្ថិតនៅភាគខាងត្បូងនៃបារាយណ៍ខាងកើត៕