(ភ្នំពេញ)៖ ស្របពេលដែលការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កំពុងប្រព្រឹត្តទៅយ៉ាងសស្រាកសស្រាំ ពីសំណាក់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងភាគីដែលពាក់ព័ន្ធ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានរួមចំណែកទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ដោយបរិច្ចាគនូវម៉ាស ចំនួន ៥០០ប្រអប់ អាល់កុលចំនួន ១០កាន និងឧបករណ៍តេស្ត ជំងឺចំនួន ៤០០ឈុត ផ្តល់ជូនរដ្ឋបាលខណ្ឌសែន សុខ និងប៉ិស្តិ៍នគរបាលសង្កាត់បឹងកក់ទី១ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

លោកស្រី អ៊ុ ចិន្តាភក្តី នាយកធនធានមនុស្ស របស់ធនាគារ CIMB បានមានប្រសាសន៍ថា៖ «ការទប់ស្កាត់ជំងឺកូវីដ-១៩ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីកាត់ផ្តាច់ការរាលដាលនៃមេរោគ។ ដូច្នេះក្នុងនាមជាក្រុមហ៊ុនមួយ ដែលតែងតែយកចិត្តទុកដាក់ដល់សហគមន៍ ដែលខ្លួនកំពុងប្រកបអាជីវកម្ម ធនាគារ CIMB មានមោទនភាព ដែលបានរួមចំណែកទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ជាមួយនឹងរាជរដ្ឋាភិបាល នាពេលកន្លងមក ក៏ដូចជាការចុះឧបត្ថម្ភផ្ទាល់នាថ្ងៃនេះ នូវសម្ភារចាំបាច់មួយចំនួន ដល់ប៉ិស្តិ៍នគរបាលសង្កាត់បឹងកក់ទី១ និងខណ្ឌសែនសុខ។ ធនាគារ នឹងបន្តពិនិត្យមើលស្ថានភាពនៃការវិវឌ្ឍនៃការរាតត្បាតជំងឺកូវីដ-១៩ ហើយនឹងរួមចំណែកផ្តល់ជំនួយតាមជាក់ស្តែងបន្តទៀត»

សូមបញ្ជាក់ថា ធនាគារ CIMB បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១០ ហើយបច្ចុប្បន្នធនាគារមានសាខាចំនួន១៤ តាមបណ្តារាជធានី និងខេត្តសំខាន់ៗ នៅក្នុងប្រទេស។ ក្រៅពីការឧបត្ថម្ភសម្ភារបរិក្ខារ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នាពេលនេះ ធនាគារ CIMB ធ្លាប់រួមចំណែកជាថវិកា ដល់រាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នាពេលកន្លងមកផងដែរ។

ជាមួយគ្នានេះ ធនាគារ CIMB បានលើកទឹកចិត្តឲ្យបុគ្គលិក រហូតស្ទើរតែ ១០០ភាគរយ បានទទួលសាំងបង្ការជំងឺកូវីដ-១៩រួចរាល់ និងចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

កន្លងមកនេះ ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលាដាច់ស្រយ៉ាល និងអង្គការនានា ក្នុងប្រទេសកម្ពុជា និងផ្តល់អាហារូបករណ៍ ដល់និស្សិតសិក្សានៅក្រៅប្រទេស។

សម្រាប់វិស័យសុខាភិបាល ដោយធនាគារបានបរិច្ចាគឈាម និងឧបត្ថម្ភ ដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យបង្អែកបាទី និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាដើម។ ចំណែក វិស័យសង្គមកិច្ច ដោយធនាគារបានឧបត្ថម្ភដល់កាកបាទក្រហម និងមជ្ឈមណ្ឌលកុមារកំព្រានានា ព្រមទាំងផ្នែកបរិស្ថាន ដោយធនាគារបានចូលរួមដាំកូនឈើ នៅតាមសាលារៀន និងប្រសាទបន្ទាយក្តីជាដើម។

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។

ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ៣៥,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។

ស៊ីអាយអិមប៊ី គ្រុប ជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។ ធនាគារនេះមានផ្តល់ជូន សេវា កម្ម ធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្ម គ្រប់គ្រង ទ្រព្យសកម្ម និងធានារ៉ាប់រង មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាន នៅប្រទេសទាំង ១០ ក្នុង ចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា ឡាវ និងហ្វីលីពីន)។

ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន ហុងកុង ឥណ្ឌា ស្រីលង្កា កូរ៉េ សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស ។ ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៧៤០ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុង ចំណោមធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគ ទៅលើផ្សារភាគហ៊ុន របស់ ក្រុមហ៊ុនជាង ៦០០ ក្រុមហ៊ុន នៅក្នុងតំបន់។

ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចម្បងបី គឺធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) ធនាគារ វិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank) និង ធនាគារ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី និង ៩៤,៨% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ៕