(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានទទួលសម្ភារៈកីឡាដែលជាជំនួយរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ី សម្រាប់បម្រើឲ្យការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី ខណៈសហព័ន្ធកំពុងរៀបចំត្រៀមធ្វើការប្រមូលផ្ដុំហ្វឹកហាត់លក្ខណៈបិទខ្ទប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាពេលឆាប់ៗខាងមុខ។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបញ្ជាក់ថា សម្ភារៈកីឡា ដែលជាជំនួយឧបត្ថម្ភពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ី ត្រូវបានដឹកជញ្ជូនមកដល់សាលកីឡាវាយកូនឃ្លីលើតុនៃពហុកីឡដ្ឋានជាតិមករតតេជោ កាលពីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដែលមានតម្លៃសរុបជាង ៥,០០០ដុល្លារ។

ជាមួយការទទួលបានសម្ភារៈថ្មីនេះ លោកបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ដែលជំរុញឲ្យកីឡាករ-កីឡាការិនីមានសម្ភារៈហ្វឹកហាត់គ្រប់គ្រាន់ ស្របពេលសហព័ន្ធគ្រោងរៀបចំការប្រមូលផ្ដុំហ្វឹកហាតិលក្ខណៈបិទខ្ទប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាពេលឆាប់ៗខាងមុខ ដើម្បីសម្រួចសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតស៊ីហ្គេម ២លើកចំពោះមុខ។

គួរដឹងថា ក្រៅពីការត្រៀមប្រមូលផ្ដុំហ្វឹកហាត់លក្ខណៈបិទខ្ទប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សហព័ន្ធក៏ត្រៀមកីឡាករ-កីឡាការិនីបញ្ជូនទៅហ្វឹកហាត់ នៅប្រទេសចិន តាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោយជំនួយឥតសំណងរបស់រដ្ឋាភិបាលចិននាពេលខាងមុខ ដើម្បីការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕