(ឡុងដ៏)៖ ខ្សែប្រយុទ្ធ Michail Antonio បានក្លាយជាកីឡាករស៊ុតបាន ៤៩គ្រាប់ច្រើនជាងគេនៅលីគ Premier League សម្រាប់ការលេងឲ្យក្លិបញញួរធំ West Ham United ក្រោយពេលដែលរូបគេស៊ុតបាន ២គ្រាប់យកឈ្នះក្រុមភ្ញៀវ Leicester City ៤-១ នៃលីគអង់គ្លេសសប្តាហ៍ទី២ រដូវកាល ២០២១-២០២២។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

ការស៊ុតបាន ៤៩គ្រាប់របស់ Michail Antonio គឺជាកំណត់ត្រាថ្មីមួយរបស់គេ ក៏ដូចជាកំណត់ត្រាថ្មីនៃក្លិប West Ham ដែលមានកីឡាករអាចស៊ុតបាន ៤៩គ្រាប់ប្រចាំ Premier League នៅពេលដែល Michail Antonio ក៏ស្ថិតនៅលេខរៀងទី១ ដែលស៊ុតដល់ទៅ ៤៩គ្រាប់ រួមមានអតីតលោក Paolo di Canio ស៊ុតបាន ៤៧គ្រាប់ និងលោក Mark Noble ស៊ុតបាន ៤៦គ្រាប់ ដែលនេះគិតត្រឹមការស៊ុតក្នុងលីគអង់គ្លេស សម្រាប់ក្លិបដែលមានរហ្សនាម «ញញួរធំ » មួយនេះ។

តាមរយៈលទ្ធផល ៤-១ នេះបានធ្វើឲ្យកីឡាករវ័យ ៣១ឆ្នាំ Michail Antonio សញ្ជាតិអង់គ្លេស ដែលរកបាន ២គ្រាប់ផងនោះ បានឡើងទៅឈរជា (Top Scorer) នៃលីគអង់គ្លេស Premier League 2021-2022 ជាមួយ Bruno Fernandes របស់ក្លិប Manchester United ដែលស៊ុតបាន ៣គ្រាប់ស្មើគ្នាជាបណ្តោះអាសន្ន ខណៈ Michail Antonio បានមកចូលរួមជាមួយ West Ham កាលឆ្នាំ២០១៥ ដែលកំណត់ត្រា ៤៩គ្រាប់នេះគិតត្រឹមលីគអង់គ្លេស មានឈ្មោះ (Premier League) ដែលសម្រេចកាលឆ្នាំ១៩៩២ មក។

នៅពេលដែលកំណត់ត្រាអ្នកស៊ុតបានច្រើនរបស់ក្លិប West Ham នោះគឺលោក Vic Watson ជាអ្នកស៊ុតបាន ២៩៨គ្រាប់ និងសរុប ៣២៦គ្រាប់ និងលោក Geoff Hurst ស៊ុតបាន ១៨០គ្រាប់ក្នុងលីគ និង ២៤៩គ្រាប់គ្រប់កម្មវិធីប្រកួត ច្រើនជាងគេគ្រប់កម្មវិធីប្រកួតនៃក្លិបនៅអំឡុងឆ្នាំ១៩២០-១៩៣៥៕