(តូក្យូ)៖ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានធ្វើដំណើរទៅដល់ទីក្រុង Tokyo ប្រទេសជប៉ុនហើយ ដើម្បីចូលរួមនៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកហ្គេម (Paralympic Games) នៅយប់ថ្ងៃអង្គារ ទី២៤ ខែសីហា។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

សារព័ត៌មានជប៉ុន Nikkei បានចុះផ្សាយថា លោក Bach បានទៅដល់ទីក្រុង Tokyo នៅថ្ងៃចន្ទម្សិលមិញ ហើយត្រូវបានគេលើកលែង ពីការធ្វើចត្តាឡីស័ករយៈពេល ៣ថ្ងៃផងដែរ។ លោកនឹងចូលរួមក្នុងកម្មវិធីប្រកួតមួយចំនួន ហើយត្រូវបានគេរំពឹងថា នឹងចាកចេញពីជប៉ុន នៅថ្ងៃព្រហស្បតិ៍។

លោក Bach ដែលបានទៅដល់ជប៉ុនកាលពីពេលមុន នៅថ្ងៃទី០៨ ខែកក្កដានោះ បានស្នាក់នៅជប៉ុនអស់រយៈពេលជាង ១ខែ សម្រាប់ការដឹកនាំព្រឹត្តិការណ៍ Olympic Games ដែលទើបបញ្ចប់ទៅកាលពីថ្ងៃទី០៨ ខែសីហាកន្លងទៅ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជនមានពិការភាព Paralympic Games នឹងត្រូវចាប់ផ្តើមពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ដោយគ្មានវត្តមានអ្នកគាំទ្រនោះទេ ដោយសារតែការរីករាលដាលនៃជំងឺឆ្លង COVID-19៕