(កំពង់ស្ពឺ)៖ ក្រោយលាក់ឆោមបាំងកាយក្នុងព្រៃឧទ្យានយូរឆ្នាំមកហើយនោះ «ទឹកធ្លាក់អូរឆាំឆា» កំពុងក្លាយជាគោលដៅទេសចរណ៍ធម្មជាតិថ្មី ប្រចាំតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដូចទៅនឹងគោលដៅភ្នំខ្នងផ្សារ និងភ្នំខ្នងក្រពើដែរ។ គោលដៅទស្សនានៅទឹកធ្លាក់នេះ គឺផ្សារភ្ជាប់ជាមួយគោលដៅទស្សនានៅភ្នំខ្នងក្រពើ ពីព្រោះទីតាំងទឹកធ្លាក់ក៏ស្ថិតនៅក្បែរខាងលិចជើងភ្នំខ្នងក្រពើនោះស្រាប់។ អ្នកខ្លះហៅធ្លាក់ទឹកអូរឆាំឆានេះថា «ទឹកធ្លាក់អូរខ្មែរក្រហម»

ដើម្បីធ្វើដំណើរទៅកម្សាន្តនៅទីដ៏សែនរមណីយថ្មីនេះ ភ្ញៀវទេសចរត្រូវទំនាក់ទំនងជាមួយសហគមន៍អេកូទេសចរណ៍តាំងបំពង់ ដែលស្ថិតនៅភូមិតាំងបំពង់ (តំបន់រលាក់កងជើង) ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីរកមគ្គុទ្ទេសក៍សម្រាប់នាំផ្លូវ និងបម្រើសេវាសហគមន៍មួយចំនួន ពីព្រោះមានតែប្រជាសហគមន៍នៅតំបន់នេះទេ ដែលអាចស្គាល់ផ្លូវនាំអ្នកទេសចរទៅដល់ទឹកធ្លាក់នេះបាន។

នៅពេលចេញដំណើរ មគ្គុទ្ទេសក៍សហគមន៍នឹងនាំអ្នកទេសចរចេញពីភូមិតាំងបំពង់ឡើងឆ្ពោះទៅដល់ផ្ទះស៉ីអាយ ដោយនៅផ្ទះស៉ីអាយភ្ញៀវទេសចរអាចសម្រាកមួយយប់។ លុះដល់វេលាអរុណោទ័យ ភ្ញៀវទេសចរអាចឈរទស្សនាសម្រស់វាលស្មៅដែលកំពុងរាយឆោមលោមពណ៌បៃតងស្រស់ខ្ចី លាតសន្ធឹងនៅតាមជម្រាលភ្នំខាងមុខផ្ទះស៉ីអាយនោះ។ ក្រោយពេលទទួលទានអាហារថ្ងៃត្រង់រួចហើយ អ្នកទេសចរក៏ដល់ពេលទៅទស្សនាទឹកធ្លាក់អូរឆាំឆា។

មគ្គុទ្ទេសក៍នឹងនាំផ្លូវអ្នកទេសចរចេញដំណើរចេញពីផ្ទះស៉ីអាយ ហើយឆ្លងកាត់ភ្នំខ្នងក្រពើដែលល្បីឈ្មោះខ្លាំងក្នុងពេលថ្មីៗនេះ។ នៅលើកំពូលភ្នំខ្នងក្រពើ និងនៅតាមជម្រាលភ្នំ សុទ្ធតែមានទេសភាពដ៏សែនគាប់ភ្នែកជាមួយនឹងសួនផ្កាបំពង់ក្រឡោម ផ្កាចាហួយ ស្នាមប្រេះនៅលើថ្មសិលាមានសណ្ឋានដូចស្រកាខ្នងក្រពើ ថ្លក់់ក្រពើ និងថ្លក់អណ្ដើក ជំរំដើមស្រល់ ដែលភ្ញៀវទេសចរងាយនឹងទស្សនាមើលឃើញច្បាស់ ហើយប្រាកដជារីករាយជាមួយទស្សនីយភាពទាំងនោះជាក់ជាមិនខាន។

បន្តដំណើរចេញពីជំរំស្រល់ធំៗខ្ពស់ៗនោះមក មគ្គុទ្ទេសក៍ដ៏ជំនាញរបស់យើងនឹងបន្តនាំទេសចរទៅដល់វាលស្មៅដ៏ស្រស់ត្រកាលមួយទៀត ដែលពោរពេញទៅដោយហ្វូងផ្កាចាហួយ ផ្ទៀងត្រចៀកស្ដាប់បន្តិច យើងនឹងបានឮសំឡេងប្រាវៗពីចម្ងាយ តែកុំអន្ទះសាប្រញាប់ចង់ឃើញពេក ព្រោះទេសភាពវាលស្មៅសួនផ្កាមិនទាន់អស់នោះទេ។ លោកអ្នកអាចដើរបណ្ដើរគយគន់សម្រស់បុប្ផាផ្កាព្រៃបណ្ដើរ គង់តែបានទៅដល់ទីទឹកធ្លាក់អូរឆាំឆានោះហើយ។

លាក់ឆោមបាំងកាយកណ្ដាលព្រឹក្សព្រៃ ទឹកធ្លាក់អូរឆាំឆាប្រឹងសម្ញែងសម្រស់បង្អួតលក្ខិណាអន្ទងចិត្តទេសចរ ប្រៀបដូចឧទ្យានសួគ៌គួរឱ្យចង់នែបនិត្យ។ ទឹកធ្លាក់បែកខ្ចាយលើផ្ទាំងសិលា សាយភាយចំហាយត្រជាក់ត្រជុំ រីឯទិដ្ឋភាពធម្មជាតិនៅជុំវិញនោះ ក៏រឹតតែញ៉ាំងឱ្យអ្នកទេសចរយើងឈ្លក់វង្វេងសឹងភ្លឹកស្មារតី។

ប្រសិនបើអ្នកបានចុះមុជលេងកម្សាន្តនៅក្រោមទឹកធ្លាក់នេះទៀតសោត ក៏គង់នឹងពើបប្រទះនូវអារម្មណ៍រីករាយគាប់ឥតឧបមា ខណៈអំណាចនៃភាពមនោរម្យក៏តែងអណ្ដែតរសាត់កៀកកិតនឹងប្រាណរបស់អ្នកទេសចរ ដុះលាងជម្រះអស់នូវទុក្ខភ័យទោម្នេញ ភាពស្មុគស្មាញ ដែលធ្លាប់ទាមជាប់ស្អិតកាយកាលពីអតីត ឱ្យរបេះហូរផុតទៅតាមខ្សែទឹកហូរ។

លុះព្រះសុរិយាបន្ទាបកាយទន់ទេរ អ្នកទេសចរយើងក៏ដល់ពេលឡើងពីទីទឹកធ្លាក់ ចេញចាកទាំងក្ដីអាល័យមិនចង់ឃ្លាតឃ្លា។ ចម្រៀងធម្មជាតិថ្លែងក្ដីអំណរជូនពរអ្នកទេសចរយើង សូមសមប្រកបតែសេចក្ដីសុខក្សេមក្សាន្តកុំបីហ្មងសៅ កុំភ្លេចថ្ងៃក្រោយសូមឆ្លៀតមកកម្សាន្តម្ដងទៀត ដ្បិតមិត្តធម្មជាតិនៅទីនេះតែងដាប់ចំណាំចង់ចាំមិត្តទេសចរជារៀងដរាប៕

សូមទស្សនាវីដេអូទេសចរណ៍នៅទឹកធ្លាក់អូរឆាំឆា ដែលផលិតដោយ Fresh Studio ដូចតទៅ៖