(ភ្នំពេញ)៖ ក្លិបក្របខណ្ឌលីគកំពូលកម្ពុជា (MCL-2021) មួយចំនួនបានសម្ដែងការមិនពេញចិត្តឡើយ ចំពោះទីផ្សារដោះដូរកីឡាករត្រៀមជុំទី២ ពិសេសការដោះដូរកីឡាករបរទេសដែលត្រូវបានបិទបញ្ចប់កាលពីថ្មីៗ ខណៈកីឡាករផ្លាស់ប្ដូរក្លិបថ្មីត្រូវបញ្ឈរជើងរហូតដល់ចប់ការប្រកួតជុំទី១ ដោយពួកគេមិនអាចលេងឲ្យក្លិបចាស់ សម្រាប់ការប្រកួតសេសសល់ក្នុងជុំទី១ បានឡើយ សូម្បីក្លិបថ្មី ក៏មិនទាន់អាចលេងបានដែរ ពោលគឺរង់ចាំដល់ជុំទី២ ទើបពួកគេអាចជួយក្លិបថ្មីបាន។

ទីផ្សារដោះដូរកីឡាករជុំទី២ នៃលីគកំពូលកម្ពុជា បានបញ្ចប់តាមការកំណត់សម្រាប់ការដោះដូរកីឡាករបរទេសកាលពីថ្ងៃទី២០ ខែសីហា នៅឡើយតែទីផ្សារដោះដូរកីឡាករជាតិ ដែលត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ពន្យារពេលរហូតដល់ថ្ងៃទី១០ ខែកញ្ញា។ អ្វីដែលគួរឲ្យកត់សម្គាល់ ចំពោះកីឡាករត្រូវផ្លាស់ប្ដូរក្លិប ឬចាកចេញ ពួកគេមិនអាចបន្ដជួយក្លិបចាស់រហូតដល់ចប់ជុំទី១ បានទេ។ ការណ៍នេះ បានធ្វើឲ្យបណ្ដាក្លិបមួយចំនួនទទួលយកមិនបានឡើយ។

លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) បានបញ្ជាក់ថា ក្លិបរបស់ខ្លួនក៏មានបញ្ហាខ្លះ ដូចបណ្ដាក្លិបមួយចំនួនដែរ ជាមួយនឹងច្បាប់នៃការដោះដូរកីឡាករ ដ្បិតការប្រកួតជុំទី១ នៅសល់ ៣-៤ប្រកួតទៀត។ ប៉ុន្ដែដោយសារការកំណត់ត្រូវដោះដូរកីឡាករឲ្យបានមុនថ្ងៃទី២០ ខែសីហា ដល់ពេលកីឡាករត្រូវផ្ទេរចេញ គេមិនអាចលេងប្រកួតនៅសល់បាន ជាក់ស្ដែងទ័ព បានដកកីឡាករបរទេសម្នាក់ គឺខ្សែប្រយុទ្ធ Dzarma Bata ដើម្បីបញ្ចូលកីឡាករថ្មីៗ។

លោកថា «ពេលយើងដកឈ្មោះគាត់ (Bata) ចេញមុនថ្ងៃទី២០-សីហា ហើយជុំទី១ យើងសល់ប៉ុន្មានប្រកួតទៀតនាខែកញ្ញា ចឹងយើងអត់អាចដាក់គាត់លេងបាន ហើយក្លិបទទួលយកគាត់ក៏អត់អាចដាក់គាត់លេងបាន...។ ចឹងការប្រកួតនៅសល់ កីឡាករដែលដោះដូរចេញចូលក្រោយ គឺអត់អាចលេងបាន ចឹងវាមានបញ្ហាឆ្គាំឆ្គងត្រង់ហ្នឹង និយាយទៅការផ្ទេរកីឡាករត្រូវបញ្ចប់នៅពេលលីគ ជុំទី២ ចាប់ផ្ដើម តែឥឡូវនេះវាចប់មុនជុំទី២ មកដល់ ហើយជុំទី១ នៅសល់ប្រកួតទៀត។ អញ្ចឹងធ្វើឲ្យសមាសភាពកីឡាករមួយចំនួនអត់អាចប្រកួតបាន ក្នុងប្រកួតសេសសល់ជុំទី១ សម្រាប់កីឡាករដោះដូរ»។

លោកថា «ចំពោះខ្ញុំ នេះគឺជារឿងមួយ ដែលពិបាកនឹងទទួលយកបាន ដោយសារយើងវិភាគទៅ វាអត់មានលក្ខណៈសមហេតុសមផល។ ការដោះដូរកីឡាករ ពេលកម្មវិធីប្រកួតពន្យារ គួរតែត្រូវបានពន្យារដែរ បើអត់អញ្ចឹងទេ វាមានបញ្ហាអញ្ចឹងកើតឡើង បានន័យថា កីឡាករដោះដូរចេញ-ចូលហ្នឹង គឺអត់បានលេងទាំងនៅក្លិបចាស់ និងក្លិបថ្មី។ ចឹងវាមានបញ្ហាចន្លោះប្រហោងកន្លែងហ្នឹង ប៉ុន្ដែការបកស្រាយពីខាងគណៈកម្មការថា ការបើក ឬបិទទីផ្សារដោះដូរកីឡាករហ្នឹង ត្រូវឆ្លងជាមួយ FIFA ចឹងវាមិនអាចសម្រេចតែខាងយើងទេ។ ដូច្នេះហើយអ្វីដែលគាត់មិនអាចធ្វើបាន គឺទាក់ទងនឹង FIFA»។

ដោយឡែកលោក សុក វាសនា គ្រូបង្វឹកក្រុមអាស៊ីអឺរ៉ុប បានបង្ហើបបញ្ហាស្រដៀងគ្នានឹងក្រុមទ័ពដែរ ពិសេសអាស៊ីអឺរ៉ុប មានខ្សែប្រយុទ្ធបរទេសរហូតដល់ទៅ ២រូបដែលបានផ្ទេរទៅក្លិបថ្មី ហើយមិនអាចនៅជួយក្រុមរហូតដល់ចប់ជុំទី១ បានរួមមានខ្សែប្រយុទ្ធកាមេរ៉ូន Abee Huber គឺមានកីឡាករប្រេស៊ីល Magson Dourado។ លោកថា គណៈកម្មការគួរមានដំណោះស្រាយសម្រាប់ក្លិប ដ្បិតការប្រកួតត្រូវពន្យារពេល ហើយក្លិបបានចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក សុក វាសនា បានគូសបញ្ជាក់ថា «ខ្ញុំគិតថា គណៈកម្មការគួរតែមានដំណោះស្រាយ និងជួយសម្រាប់ក្លិបទាំងអស់ គឺពួកគាត់ចូលរួមទប់ស្កាល់ជំងឺកូវីដ-១៩ ទាំងអស់គ្នា ហើយការប្រកួតពន្យារ យើងគោរពតាមលើគណៈកម្មការ ក៏ដូចសហព័ន្ធ ដើម្បីចូលរួមទប់ស្កាត់។ ចឹងនៅពេលហួសពេលកាលបរិច្ឆេទ នៃទីផ្សារដោះដូរ ក៏ដូចជាការប្រកួតជុំទី១ នៅសល់ គួរតែគណៈកម្មការមានដំណោះស្រាយសម្រាប់ក្លិបទាំងអស់ ដើម្បីឲ្យការប្រកួតស្មើភាពគ្នាក្នុងជុំទី១»

លោកថា «បញ្ហានេះហើយ ដែលជាកង្វល់សម្រាប់ក្លិបទាំងអស់ សម្រាប់ក្លិបដែលមានការដោះដូរកីឡាករនៅជុំទី១ ដោយសារយើងអនុវត្តតាមទីផ្សារអន្ដរជាតិ ក៏ដូចជា FIFA ដើម្បីបញ្ចប់នូវការដោះដូរ ហើយយើងក៏សង្ឃឹមថា កីឡាករគាត់អាចលេងបញ្ចប់នៅជុំទី១ បាន ពីព្រោះយើងទាំងអស់គ្នាចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ហើយការប្រកួតពន្យារ គណៈកម្មការគាត់ជាអ្នករៀបចំទាំងអស់ ចឹងខ្ញុំសង្ឃឹមថា គណៈកម្មការគួរតែមានដំណោះស្រាយមួយសម្រាប់ក្លិបទាំងអស់ ដែលគាត់មានការដោះដូរលើគម្រោងសម្រាប់ជុំទី២»

ក្រៅពីក្លិបទាំងពីរខាងលើ ក៏មានក្លិបមួយចំនួនត្រូវបានបង្ហើបថា បានជួបបញ្ហានេះដូចគ្នា ហើយបានតវ៉ាទៅគណៈកម្មការរៀបចំការប្រកួត ក៏ដូចជាសហព័ន្ធ តែពុំទទួលបានដំណោះស្រាយតាមការចង់បានរបស់ក្លិបឡើយ ស្របពេលលីគកំពូលកម្ពុជា នឹងបន្ដការប្រកួតសេសសល់ក្នុងជុំទី១ នៅថ្ងៃទី២៩ ខែសីហាចុងសប្ដាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។

គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី១១ មុនលីគកំពូលកម្ពុជា ត្រូវបានផ្អាកការប្រកួតជាថ្មី ក្រោយផ្ទុះនូវជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា (Delta) ក្នុងសហគមន៍ គេឃើញក្លិបភាគច្រើនប្រកួតបាន ១០ប្រកួត ហើយក្លិបមួយចំនួន ទើបប្រកួតបាន ៩ប្រកួត ឬ ៨ប្រកួត និងតិចជាងគេ គឺក្លិបនគរបាលជាតិ ដែលទើបប្រកួតបាន ៧ប្រកួត ខណៈក្លិបនីមួយៗមានបេសកកម្ម ១២ប្រកួតស្មើគ្នា ក្នុងជុំទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ នេះ៕