(សៀមរាប)៖ ថែវព្រះពាន់ គឺជាទីសក្ការៈមួយនៅប្រាសាទអង្គរវត្ត។ ថែវនេះមានសសរច្រើន និងលម្អដោយចម្លាក់ក្បូរក្បាច់ ប៉ុន្តែថ្មប្រាសាទបានរងការខូចខាតដោយបញ្ហាទឹកនោម និងលាមកនៃហ្វូងសត្វប្រចៀវ ដូច្នេះហើយអាជ្ញាធរជាតិអប្សរាបាននិងកំពុងដំឡើងរនាំងសំណាញ់ ដើម្បីការពារសត្វប្រចៀវនៅថែវព្រះពាន់នេះ។
លោក សយ សុភារិន្ទ ជាបុរាណវិទូទទួលបន្ទុកកិច្ចការអភិរក្សនៅប្រាសាទអង្គរវត្ត បានឱ្យដឹងថា ក្រុមការងារកំពុងអនុវត្តគម្រោងដាក់សំណាញ់ការពារសត្វប្រចៀវ កុំឱ្យទុំនៅផ្នែកដំបូលនៃថែវ។ មូលហេតុសំខាន់ដែលសម្រេចឱ្យរៀបចំកិច្ចការនេះឡើង ព្រោះទឹកនោម និងលាមកសត្វប្រចៀវ នៅពេលមានសំណើម ឬលាយទឹក បានបង្កើតជាតិអំបិល ដែលសារធាតុនេះងាយនឹងធ្វើឲ្យថ្មមានការពុកផុយ។
កន្លងមក អាជ្ញាធរជាតិអប្សរាធ្លាប់បានរៀបចំបែបនេះនៅកន្លែងផ្សេងហើយ ឃើញថាការបាំងសំណាញ់នេះ មានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់សត្វប្រចៀវមិនឱ្យចូលទុំនៅផ្នែកដំបូលប្រាសាទតទៅទៀត៕