(ការ៉ាកាស)៖ អតីតខ្សែការពារលំដាប់អន្តរជាតិវេណេស៊ុយអេឡា លោក Leonardo Gonzalez នឹងទទួលតួនាទីដឹកនាំ ក្រុមបាល់ទាត់ជម្រើសជាតិវេណេស៊ុយអេឡា ក្នុងនាមជាអ្នកចាត់ការស្តីទីសម្រាប់ការប្រកួតវគ្គជម្រុះ World Cup តទល់នឹងអាហ្សង់ទីន, ប៉េរូ និងប៉ារ៉ាហ្គាយ។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធបាល់ទាត់វេណេស៊ុយអេឡា (FVF) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

ការប្រកាសនេះបានធ្វើឡើង ៣ថ្ងៃ បន្ទាប់ពីការលាលែងចេញពីតំណែងរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ លោក Jose Peseiro។

«មានការសម្រេចថា អ្នកចាត់ការស្តីទី គឺលោក Leonardo Gonzalez Antequera ជាគ្រូបង្វឹកម្នាក់ ដែលមានបទពិសោធន៍ ក្នុងវិស័យបាល់ទាត់ក្នុងស្រុក និងជាអតីតកីឡាកររបស់ក្រុមជម្រើសជាតិវេណេស៊ុយអេឡា» នេះបើតាម FVF បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍។

FVF បានបន្ថែមថា «យើងកំពុងធ្វើការយ៉ាងលំបាក ដើម្បីតែងតាំងគ្រូបង្វឹកថ្មី ដែលជាអ្នកមានទម្រង់លំដាប់អន្តរជាតិ...ហើយការប្រកាសនឹងធ្វើឡើងឆាប់ៗនេះនៅពេលសម្រេចកិច្ចព្រមព្រៀង»។

លោក Gonzalez វ័យ ៤៩ឆ្នាំ ធ្លាប់ជាប់ជម្រើសជាតិវេណេស៊ុយអេឡាចំនួន ៣៧លើក ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៨។ អាជីពជាអ្នកចាត់ការរបស់លោក រួមបញ្ចូលទាំងការដឹកនាំនៅក្លិបរបស់វេណេស៊ុយអេឡា Deportivo La Guaira និងក្លិប Deportivo Lara។

ក្រុមជម្រើសជាតិវេណេស៊ុយអេឡា នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវអាហ្សង់ទីន នៅថ្ងៃទី០២ ខែកញ្ញា មុនប្រកួតជាមួយប៉េរូ និងប៉ារ៉ាហ្គាយ នៅថ្ងៃទី០៥ និងថ្ងៃទី០៩ ខែកញ្ញា។

សូមបញ្ជាក់ថា វេណេស៊ុយអេឡា បច្ចុប្បន្ន ឈរនៅលំដាប់ទី៩ ក្នុងចំណោម ១០ក្រុមនៅក្នុងការប្រកួតជម្រុះប្រចាំតំបន់អាមេរិកខាងត្បូង ជាមួយនឹងជោគជ័យ ១ប្រកួត ក្រោយការប្រកួតចំនួន ៦លើក។ ក្រុមកំពូលចំនួន៤ នឹងទទួលបានកៅអីស្វ័យប្រវត្តិ សម្រាប់ការប្រកួត World Cup នាឆ្នាំក្រោយ នៅកាតា ខណៈក្រុមជាប់លំដាប់ទី៥ នឹងបន្តទៅប្រកួតជម្រុះអន្តរទ្វីប៕