(អង់គ្លេស)៖ ក្លិប Southampton បានចុះហត្ថលេខា ជាមួយខ្សែការពារផ្នែកខាងឆ្វេងវ័យ១៧ឆ្នាំ កីឡាករ Thierry Small ផ្ទេរមកពីក្លិប Everton លើកិច្ចសន្យារយៈពេល៣ឆ្នាំ, នេះបើតាមការបញ្ជាក់ពីក្លិប លេងនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ។

កីឡាករ Small, ដែលចេញពីសាលាបណ្តុះបណ្តាលរបស់ Everton រូបនេះ, កាលពីរដូវកាលមុន បានក្លាយជាកីឡាករវ័យក្មេងបំផុត មិនធ្លាប់មានពីមុនមក ដែលលេងក្នុងក្រុមកំពូលរបស់ក្លិប Everton នៅពេលដែលលោកបានបង្ហាញខ្លួន ជាលើកដំបូង នៅក្នុងការប្រកួតជុំទី៤ លីគ FA Cup ក្នុងវ័យ១៦ឆ្នាំ។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា មានក្លិបជាច្រើន បានចាប់អារម្មណ៍ចំពោះកីឡាកររូបនេះ ហើយអ្នកចាត់ការក្លិប Southampton លោក Ralph Hasenhuettl បានលើកឡើងថា កីឡាកររូបនេះ «គឺជាជម្រើសបន្ថែមដ៏រឹងមាំ» សម្រាប់ការពារផ្នែកខាងឆ្វេង ជាការបម្រុងទុក ចំពោះកីឡាករវ័យ២៣ឆ្នាំ Romain Perraud។

គួរបញ្ជាក់ថា ក្លិប Southampton កំពុងស្ថិតនៅលេខរៀងទី១៣ ជាមួយនឹង១ពិន្ទុក្នុងដៃ ក្រោយការប្រកួតចំនួន២លើក បន្ទាប់ពីទទួលបានលទ្ធផលស្មើ១-១ ក្នុងការប្រកួតតទល់នឹង Manchester United កាលពីចុងសប្តាហ៍កន្លងទៅនេះ៕