(អេស្ប៉ាញ)៖ កីឡាករខ្សែប្រយុទ្ធ Ansu Fati ដែលជាអ្នករកគ្រាប់បាល់វ័យក្មេងជាងគេបំផុត មិនធ្លាប់មានពីមុនមក របស់ក្លិប Barcelona បានវិលត្រឡប់ទៅហ្វឹកហាត់វិញ នៅថ្ងៃអង្គារនេះ ជាលើកដំបូង ក្នុងរយៈពេលជាង៩ខែ បន្ទាប់ពីរងរបួសរយៈពេលយូរ, នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ។

Barca បានឲ្យដឹងនៅលើ Twitter ថា កីឡាករវ័យ១៨ឆ្នាំរូបនេះ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលសំខាន់របស់ក្រុម ខណៈសារព័ត៌មានអេស្ប៉ាញ Marca បានចុះផ្សាយថា ក្លិបរំពឹងថា លោកអាចវិលចូលរួមប្រកួតវិញ ក្នុងពេលដែលក្រុមត្រូវប្រកួតតទល់នឹងក្រុម Sevilla នៅថ្ងៃទី១១ ខែកញ្ញាខាងមុខ។

Fati បានស៊ុតបញ្ចូលទី៤គ្រាប់ នៅក្នុងការចាប់ផ្តើមប្រកួត៦លើក ក្នុងលីគ LaLiga កាលពីរដូវកាលមុន មុនពេលរងរបួសបន្ទះឆ្អឹងខ្ចី នៅជង្គង់ផ្នែកខាងឆ្វេង នៅក្នុងការប្រកួតឈ្នះ៥-២ លើក្រុម Real Betis ក្នុងខែវិច្ឆិកា ឆ្នាំ២០២០។

លោកបានទទួលការវះកាត់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ អស់រយៈពេល៥ថ្ងៃ ជាមួយនឹងក្លិបដំបូងឡើយ បានឲ្យដឹងថា លោកនឹងអវត្តមានរយៈពេល៤ខែ។ ប៉ុន្តែលោកត្រូវបង្ខំ ឲ្យទទួលការវះកាត់បន្ថែមទៀត ក្នុងខែមិថុនា នៅទីក្រុង Porto បន្ទាប់ពីរបួសមិនជាសះស្បើយ តាមការគ្រោងទុក។

Fati បានក្លាយជាកីឡាកររកគ្រាប់បាល់ វ័យក្មេងជាងគេបំផុត មិនធ្លាប់មានពីមុនមក របស់ក្លិប Barca ក្នុងលីគ LaLiga នៅពេលដែលលោកបានស៊ុតបញ្ចូលទី ក្នុងការប្រកួតតទល់នឹងក្រុម Osasuna ក្នុងខែសីហា ឆ្នាំ២០១៩ ហើយមួយឆ្នាំក្រោយមក បានក្លាយជាកីឡាកររកគ្រាប់បាល់ វ័យក្មេងជាងគេបំផុតរបស់អេស្ប៉ាញ នៅពេលដែលលោកស៊ុតបញ្ចូលទី ក្នុងការប្រកួតឈ្នះ៤-០ លើក្រុមអ៊ុយក្រែន ក្នុងលីគ UEFA Nations League នៅខែកញ្ញា ឆ្នាំ២០២០។

ក្លិប Barca បានរងការលំបាក ដោយសារអវត្តមានរយៈពេលយូរ របស់ Fati កាលពីឆ្នាំមុន ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅលីគ LaLiga ហើយការវិលត្រឡប់របស់គាត់ នឹងជាការស្តារឡើងវិញ ក្នុងគ្រាលំបាក បន្ទាប់ពីការចាកចេញរបស់កីឡាករ Lionel Messi ទៅកាន់ Paris St Germain និងកីឡាករបង្ខំចិត្តកាត់បន្ថយប្រាក់ឈ្នួល ដើម្បីកាត់បន្ថយបញ្ហាហិរញ្ញវត្ថុរបស់ក្លិប៕