(ភ្នំពេញ)៖ ធនាគារ ហ្វីលីព បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា ក្នុងការផ្តល់អាហាររូបករណ៍៥០% ដល់សិស្សពូកែថ្នាក់វិទ្យាល័យចំនួនបីកន្លែង ដែលជាចំណែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ស្ថាប័ន (CSR)។

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះដែលបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដោយក្នុងនោះអាហារូបករណ៍ដែលផ្តល់ពីធនាគារ នឹងត្រូវប្រគល់ជូនដល់សិស្ស នៅសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជាដែលកំពុងសិក្សានៅកម្រិតថ្នាក់ទី១០ ទី១១ និងទី១២ សម្រាប់ចំណាយលើថ្លៃសិក្សាប្រចាំឆ្នាំ។

លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព បានថ្លែងឲ្យដឹងថា អាហារូបករណ៍នេះជាកត្តារួមចំណែកជួយដល់យុវជនកម្ពុជាជំនាន់ក្រោយ នូវឱកាសក្នុងការទទួលបានការអប់រំដ៏ប្រសើរ និងជួយដល់ការអភិវឌ្ឍធនធានមនុស្សសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។

លោក ចាន់ ម៉ាច បានបញ្ជាក់ថា «សាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា ជាដៃគូសហការដ៏ល្អមួយរបស់ធនាគារ ហ្វីលីព ហេតុដូច្នេះ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតតាមរយៈកម្មវីធីទំនួលខុសត្រូវសង្គមមួយនេះ»

លោក សេង បូណា អគ្គនាយកសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា បានបញ្ជាក់ផងដែរថា អាហារូបករណ៍បីកន្លែងនេះ បាននាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់មាតាបិតាសិស្ស ក៏ដូចជាសិស្សានុសិស្សផ្ទាល់តែម្តង។

លោកអគ្គនាយកសាលាបន្ថែមថា «យើងធ្វើការជ្រើសរើសសិស្សពូកែ បីរូប ដើម្បីប្រគល់អាហារូបករណ៍នេះ ហើយយើងសង្ឃឹមជឿជាក់ថាអាហាររូបករណ៏នេះ នឹងជំរុញឲ្យសិស្សកាន់តែច្រើនបន្តការខិតខំរៀនសូត្របន្ថែមទៀត ដើម្បីទទួលបានអាហារូបករណ៍នេះផងដែរ»។

សូមជម្រាបផងដែរថា ចាប់តាំងពីឆ្នាំ២០១៦ ធនាគារ ហ្វីលីព បានចាប់ដៃគូជាមួយសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា ក្នុងការផ្តល់ជម្រើសបង់ថ្លៃសិក្សាដែលងាយស្រួល ជូនដល់មាតាបិតាសិស្សជាង ៥,០០០នាក់ តាមរយៈការទូទាត់ដោយស្គេនកូដQR។ ក្រៅពីសកម្មភាពទំនួលខុសត្រូវសង្គមខាងលើ ភាគីទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការជាច្រើនដែលនឹងមានប្រយោជន៍ដល់ទាំងសិស្ស ទាំងមាតាបិតាអាណាព្យាបាលរបស់ពួកគេថែមទៀតផង។

ដោយឡែកសម្រាប់សាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជាបង្កើតឡើងក្នុងឆ្នាំ២០១៣ ដោយស្ថាបនិក លោក សេង បូណា។ ក្រោមបេសកម្មដែលកំណត់យ៉ាងច្បាស់លាស់ពោលគឺ សាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា មានការតាំងចិត្តខ្ពស់ និងប្រាកដប្រជាក្នុងការកសាងសមត្ថភាព និងអភិវឌ្ឍន៍ជំនាញរបស់សិស្ស។ ទ្រូ វីហ្សិនជឿជាក់ និងឆ្ពោះទៅមុខតាមជំហានស្តង់ដារអន្តរជាតិក្នុងផ្តល់ការអប់រំដល់សិស្សានុសិស្ស ដើម្បីផ្លាស់ប្តូរបទពិសោធន៍ជិវិតរបស់ពួកគេ។
រាល់សកម្មភាពក្នុងការសិក្សារបស់ពួកគេ គឺទទួលបានតាមស្តង់ដារប្រទេសទំនើបៗដូចជា សឹង្ហបុរី សហរដ្ឋអាមេរិក ញូហ្សេឡេន អូស្រ្តាលី និងអង់គ្លេស ដើម្បីចំណេះដឹងនិងជំនាញរបស់ពួកគេ។

ចំពោះសាខាចំនួន៨ទីតាំង នៅឆ្នាំ២០២១ ទ្រូ វីហ្សិន បានផ្តល់ការសិក្សារសម្រាប់សិស្សថ្នាក់ មត្តេយ្យ រហូតដល់ថ្នាក់វិទ្យាល័យ។ ជាងនេះទៅទៀតសាលាក៏បានពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់ប្រទេសនានាដូចជា ញូហ្សេឡេន សឹង្ហបុរី អូស្រ្តាលី អង់គ្លេស និងសហរដ្ឋអាមេរិក លើកម្មវិធីចុះកម្មសិក្សាថែមទៀតផង។ ព័ត៌មានលម្អិត សូមចូលទៅកាន់តំណរភ្ជាប់។  http://truevisions.edu.kh/en-us/

សូមបញ្ជាក់ថា ធនាគារ ហ្វីលីព ត្រូវបានបង្កើតឡើងនៅកម្ពុជាតាំងពីឆ្នាំ២០០៩ ក្រោមឈ្មោះ ហ្វ័ង ឌីប៊ីអេស បន្ទាប់មកនៅឆ្នាំ២០១៤ ក្រុមហ៊ុន ហ្វីលីពកាពីតាល់ បានទិញយកភាគហ៊ុននឹងប្តូរឈ្មោះជា ធនាគារ ហ្វីលីព។ ធនាគារ ផ្តល់ជូនសេវាកម្ម និង ផលិតផលហិរញ្ញវត្ថុដ៏សំបូរបែបតាមតម្រូវការរបស់សារជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និងបុគ្គល។ ធនាគារ ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានមូលដ្ឋាននៅសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៥។ ហ្វីលីពកាពីតាល់គ្រុប ផ្តល់ជូនសេវាកម្មពេញលេញប្រកបដោយគុណភាព និងភាពច្នៃប្រឌិតជូនដល់អតិថិជនទាំងបុគ្គល ទាំងគ្រប់ប្រភទសាជីវកម្ម នៅច្រើនជាង១៥ប្រទេស។

ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃកម្ពុជា បានអនុម័តជាផ្លូវការលើការរួមបញ្ចូលគ្នារវាងធនាគារ ហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត។ ក្រោមការរួមបញ្ចូលគ្នា ធនាគារ ហ្វីលីព ភីអិលស៊ី ដែលជាធនាគារពាណិជ្ជមួយមានសាខាច្រើនជាងគេនៅកម្ពុជា(៨៨សាខា)។ ធនាគារហ្វីលីពក៏កំពុងតែផ្តោតការយកចិត្តទុកដាក់ផ្តល់ជូនផលិតផល និងសេវាកម្មឌីជីថលជូនដល់អតិថិជនរបស់ខ្លួន ដើម្បីឲ្យពួកគាត់ទទួលបានបទពិសោធន៍សេវាធនាគារលំដាប់អន្តរជាតិដែលល្អបំផុត។ ព័ត៌មានលម្អិត សូមចូលទៅកាន់តំណរភ្ជាប់ ៕ https://www.phillipbank.com.kh