(បរទេស)៖ ដូចប្រិយមិត្តបានជ្រាបមកហើយថា ជារៀងរាល់ឆ្នាំកម្មវិធីប្រកួតប្រជែងសម្រស់ និងសមត្ថភាព «Miss Universe» គឺបានធ្វើឡើងជារៀងរាល់ឆ្នាំ ខណៈកាលពីឆ្នាំ២០២០កន្លងទៅ គឺត្រូវបានឡើងនៅសហរដ្ឋអាមេរិក និងឆ្នាំ២០២១នេះ ប្រទេសអ៉ីស្រាអែលនឹងធ្វើជាម្ចាស់ផ្ទះ។ អ្វីដែលគេចាប់អារម្មណ៍ ខណៈកម្មវិធីនេះ កំពុងខិតចូលមកដល់ គឺមានប្រទេសមួយចំនួន ក្នុងនោះរួមទាំងប្រទេសឡាវផង បានសម្រេចដកខ្លួន មិនបញ្ចូនបវរកញ្ញារបស់ខ្លួនឲ្យទៅចូលរួមប្រកួតក្នុងកម្មវិធីនេះទេ ក្រោមហេតុផល កូវីដ-១៩ Delta និងអះអាងថា ពិបាកស្នើសុំវីសារទៅប្រទេសអ៉ីស្រាអែល។

នៅក្នុងលិខិតផ្លូវការមួយរបស់អ្នករៀបចំ «Miss Universe» ប្រទេសឡាវ ដែលត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម គឺបានបញ្ជាក់ថា ដោយសារតែវិបត្តិរាតត្បាតជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta និងមានការពិបាកក្នុងការស្នើសុំវីសារផងនោះ ទើបអ្នករៀបចំ «Miss Universe» ឡាវ សម្រេចដកខ្លួនពីការប្រកួត «Miss Universe» ២០២១ លើកទី៧០នេះ ដែលគ្រោងធ្វើនៅប្រទេសអ៉ីស្រាអែល តែម្តង។ បន្ថែមពីនេះ ម្យ៉ាងប្រទេសឡាវ មិនបានរៀបចំកម្មវិធីក្នុងប្រទេស ដើម្បីជ្រើសរើសបវរកញ្ញាតំណាងប្រទេសនោះទេ ព្រោះតែស្ថានភាពកូវីដ-១៩។

ប្រទេសឡាវត្រូវបានគេដឹងថា ជាប្រទេសទី២ ហើយ បន្ទាប់ពីប្រទេសម៉ាឡេស៉ី ដែលបានសម្រេចដកខ្លួន មិនបញ្ចូនបវរកញ្ញារបស់ខ្លួនទៅចូលរួមប្រកួត «Miss Universe» ២០២១។

គួរជម្រាបថា សម្រាប់ឆ្នាំ២០២១នេះ កម្មវិធី «Miss Universe» គ្រោងធ្វើនៅប្រទេសអ៉ីស្រាអែល នាអំឡុងខែធ្នូ ចុងឆ្នាំ២០២១។ ជារៀងរាល់ឆ្នាំ កម្មវិធីនេះ គឺត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីសំណាក់ បវរកញ្ញាតំណាងប្រទេសជាច្រើនលើពិភពលោក មកជួបជុំគ្នាលើវេទិកាតែម្តង ដើម្បីប្រជែងទាំងសម្រស់ និងសមត្ថភាពចំណេះដឹង។ ជាក់ស្តែង កាលពីឆ្នាំ២០២១កន្លងទៅ ដែលធ្វើនៅសហរដ្ឋអាមេរិក កម្ពុជាក៏បានបញ្ជូនបវរកញ្ញាតំណាងប្រទេសរបស់ខ្លួន គឺកញ្ញា រ៉េត សារីតា ឲ្យទៅចូលរួមប្រកួតផងដែរ៕