(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២១ បានវិលត្រឡប់មកវិញហើយនៅចុងសប្តាហ៍នេះ នៅពេលដែលក្រុមភ្នំពេញក្រោន បើកទ្វារផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ ក្នុងទឹកដីនៃកីឡដ្ឋាន អ.អេស.អិន នាម៉ោង ១៨៖០០នាទីល្ងាច ដើម្បីបង្រ្គប់សប្តាហ៍ទី៦ ក្រោយពីបានពន្យារពេលដោយសារកូវីដ១៩ កន្លងមកនេះ។

ទាក់ទងទៅនឹងការប្រកួតរបស់ភ្នំពេញក្រោន កាលពីសប្តាហ៍ទី១១ ទទួលបាន ១ពិន្ទុ បន្ទាប់ពីលេងបានស្មើជាមួយនឹងណាហ្គា ក្នុងលទ្ធផល ១-១ កាលពីថ្ងៃអាទិត្យ ទី០១ ខែសីហាកន្លងទៅ នៅក្នុងទឹកដីរបស់ខ្លួន។ ភ្នំពេញក្រោន ក្រោយពីបានឆ្លងកាត់ ៨ប្រកួតមកនេះ ឈ្នះ៥ដង និងស្មើ៣ដង បានឈរនៅចំណាត់ថ្នាក់លេខ៦ និងមាន ១៨ពិន្ទុ។

ចំណែកឯក្រុមកងយោធពលខេមរភូមិន្ទវិញកាលពីសប្តាហ៍ទី១១ ក៏រកបាន ១ពិន្ទុដូចគ្នា នៅពេលលេងស្មើជាមួយនឹងក្រុមនគរបាលជាតិ ក្នុងលទ្ធផល ១-១ កាលពីថ្ងៃសៅរ៍ ទី៣១ ខែកក្កដា កន្លងទៅ។ កងយោធពលខេមរភូមិន្ទ ក្រោយពីបានឆ្លងកាត់៩ប្រកួតមកនេះ ឈ្នះ៤ដង ស្មើ៣ដង និងចាញ់២ដង បានឈរនៅចំណាត់ថ្នាក់លេខ៧ និងមាន ១៥ពិន្ទុ៕