(ចិន)៖ អតីតសមាជិកក្រុមចម្រៀង EXO និងជាតារាល្បីម្នាក់ប្រចាំប្រទេសចិន គឺលោក Kris Wu បច្ចុប្បន្នកំពុងស្ថិតក្នុងមន្ទីរឃុំឃាំង និងស្ថិតក្រោមការស៉ើបអង្កេតរបស់តុលាការ ជុំវិញករណីសង្ស័យ «រំលោភបំពានផ្លូវភេទ» ក្មេងស្រីមិនទាន់គ្រប់អាយុជាច្រើននាក់។ យ៉ាងណាមិញ ស្របពេលដែលរឿងរ៉ាវចម្រូងចម្រាស់នេះមិនទាន់ស្ងាត់ផង ស្រាប់តែធ្លាយពាក្យចចាមអារ៉ាមថា Kris Wu បានរៀបការ និងមានកូនស្រីម្នាក់អាយុ២ឆ្នាំ ដោយបច្ចុប្បន្នប្រពន្ធរបស់លោក មើលថែកូនតែឯង។
យោងតាមការចេញផ្សាយដោយសារព័ត៌មាន allkpop នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា បច្ចុប្បន្ននេះអ្នកលេងបណ្តាញសង្គមនៅប្រទេសចិន កំពុងតែចាប់អារម្មណ៍ជាថ្មី ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមអំពី Kris Wu ដោយមានការលើកឡើងថា លោកបានរៀបការរួចហើយ និងបច្ចុប្បន្នប្រពន្ធរបស់លោក កំពុងតែទទួលបន្ទុកមើលថែកូនស្រីអាយុ២ឆ្នាំម្នាក់តែឯង។ ទោះជាយ៉ាណាក៏ដោយ ពាក្យចចាមអារ៉ាមនេះ ត្រូវបានគេដឹងថា ធ្លាប់បានលេចឮឡើងតាំងពីយូរមកហើយនាពេលកន្លងទៅ ប៉ុន្តែមិនទាន់មានការបញ្ជាក់ណាមួយថា ជាការពិតឬក៏អត់នោះទេ ដោយសារតែមិនមានភស្តុតាងគ្រប់គ្រាន់ ហើយរឿងនេះបានលេចឮនៅពេលនេះជាថ្មី ដោយសារតែរឿងចម្រូងចម្រាស់នាពេលថ្មីៗនេះ។
ជុំវិញដំណឹងនេះ អ្នកតំណាងរបស់តារាល្បី Kris Wu មិនទាន់មានការបញ្ជាក់ណាមួយឡើយ ស្របពេលដែល Kris Wu បច្ចុប្បន្នកំពុងស្ថិតក្នុងមន្ទីរឃុំខ្លួន ពាក់ព័ន្ធករណី «រំលោភបំពានផ្លូវភេទ»៕