(កូភិនហាជិន)៖ សមាជិកក្រុមជម្រើសជាតិដាណឺម៉ាក កីឡាករប្រធានក្រុម Simon Kjaer និងបុគ្គលិកពេទ្យដទៃទៀតដែលបានជួយសង្គ្រោះជីវិតរបស់មិត្តរួមក្រុម គឺខ្សែបម្រើ Christian Eriksen កាលពីជួបបញ្ហាគាំងបេះដូងអំឡុងពេលប្រកួត Euro 2020នោះ នឹងទទួលបានពានរង្វាន់កិត្តិយសពីស្ថាប័ន UEFA ( UEFA President’s Award)។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។
គួររំលឹកផងថា ខ្សែបម្រើ Eriksen វ័យ ២៩ឆ្នាំបានជួបបញ្ហាដួលសន្លប់ ដោយសារគាំងបេះដូងនៅអំឡុងពេលប្រកួត Euro 2020 ប៉ះក្រុមជម្រើសជាតិហ្វាំងឡង់នៅទីក្រុង Copenhagen កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ដោយក្នុងនោះ កីឡាករ Simon Kjaer ត្រូវបានទទួលស្គាល់ថា បានបង្ហាញឲ្យគេដឹងពីគុណសម្បត្តិអំពីភាពជាអ្នកដឹកនាំពិតនៃក្រុមនៅពេលដែលកីឡាករ Eriksen ក៏បានថ្លែងថា «អរគុណទៅដល់ក្រុមគ្រូពេទ្យដែលបំពេញការងារដ៏អស្ចារ្យ និងបានជួយសង្គ្រោះជីវិតរបស់ខ្ញុំ»។
សូមបញ្ជាក់ផងថា ចំពោះពានរង្វាន់កិត្តិយសដែលស្ថាប័ន UEFA ត្រូវផ្តល់ឲ្យក្រៅ ពីកីឡាករ Simon Kjaer មានក្រុមគ្រូពេទ្យប្រចាំនៅកន្លែង (On-site medical Team) មន្ត្រីពេទ្យប្រចាំស្ថាប័ន UEFA និងក្រុមពេទ្យប្រចាំក្រុមជម្រើសជាតិដាណឺម៉ាក (Danish National Team) ភាពលេចធ្លោអំពីឧត្តមភាពវិជ្ជាជីវៈ និងជាគំរូល្អនៃគុណសម្បត្តិផ្ទាល់ខ្លួន៕