(តូក្យូ)៖ កីឡាការិនីប្រណាំងកង់អូស្ត្រាលី Paige Greco ដណ្តើមបានមេដាយមាសលើកដំបូង នៅឯព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២០ (Tokyo 2020 Paralympic Games) បន្ទាប់ពីឈ្នះក្នុងវិញ្ញាសាប្រណាំងកង់ឯកត្តជន ផ្នែកស្ត្រី C1-3 ចម្ងាយ ៣,០០០ម៉ែត្រនាថ្ងៃពុធនេះ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

Greco បានបញ្ចប់ចម្ងាយ ៣,០០០ម៉ែត្រ ដោយប្រើថិរវេលា ៣នាទី និង ៥០.៨១៥វិនាទី នៅឯទីលានប្រណាំង Izu Velodrome ស្ថិតក្នុងទីក្រុង Izu of Shizuoka របស់ជប៉ុន ដោយធ្វើបានល្អជាងមុនក្នុងកំណត់ត្រាពិភពលោកលំដាប់ C3 ចាស់ ដែលបានចំណាយពេល ៣នាទី និង ៥៣.២៨៣វិនាទី ដែលនាងទើបតែធ្វើឡើង ១ម៉ោងមុននៅក្នុងការប្រកួតវគ្គជម្រុះនេះ។

នៅក្នុងការប្រកួតវិញ្ញាសានេះផងដែរ កីឡាការិនី Wang Xiaomei របស់ចិន ដណ្តើមបានមេដាយប្រាក់ ដោយប្រើថិរវេលា ៣នាទី និង ៥៤.៩៧៥វិនាទី ខណៈកីឡាការិនីប្រណាំងកង់អាល្លឺម៉ង់ Denise Schindler យកបានមេដាយសំរឹទ្ធក្នុងការប្រើពេល ៣នាទី និង ៥៥.១២០វិនាទី។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាចម្រុះផ្នែកជនពិការប៉ារ៉ាឡាំពិក ឆ្នាំ២០២០ ដែលធ្វើឡើងនៅទីក្រុង Tokyo បានចាប់ផ្តើមនៅថ្ងៃទី២៤ ខែសីហាម្សិលមិញ រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ដោយគ្មានវត្តមានអ្នកគាំទ្រចូលរួមទស្សនានោះទេ៕