(ក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធឆ្នើម Harry Kane បានប្រកាសថា នឹងបន្តលេងនៅក្លិប Tottenham Hotspur ដែលប្រការនេះធ្វើឲ្យសំណើរហូតដល់ ២០៥លានដុល្លារអាមេរិករបស់ក្លិប Manchester City ត្រូវបរាជ័យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Yahoo នៅយប់ថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។

បើតាមសារព័ត៌មាន Yahoo កីឡាករអង់គ្លេស Harry Kane បានបញ្ជាក់ថា គាត់នឹងបន្តស្នាក់នៅ Tottenham សម្រាប់រដូវក្តៅនេះ បញ្ចប់ការរំពឹងទុកដ៏វែងឆ្ងាយរបស់ Manchester City ដែលជាគោលដៅក្នុងការទិញខ្សែប្រយុទ្ធដ៏សំខាន់នេះ។

ប្រធានក្រុមជម្រើសជាតិអង់គ្លេសបានសរសេរសារលើ Twitter យ៉ាងដូច្នេះថា «ខ្ញុំនឹងស្នាក់នៅ Tottenham ក្នុងរដូវក្តៅនេះ ហើយនឹងផ្តោត ១០០ភាគរយក្នុងការជួយក្រុមឲ្យបានជោគជ័យ»

កាលពីសប្តាហ៍មុន Harry Kane ដែលជាខ្សែប្រយុទ្ធរបស់ក្លិប Tottenham Hotspur មិនបានធ្វើដំណើរទៅប្រទេសព័រទុយហ្កាល់ ដើម្បីប្រកួតជាមួយ Paços de Ferreira នៅវគ្គជម្រុះពានថ្មី ECL ឡើយ ចំពេលដែលពាក្យចចាមអារ៉ាមពីការផ្ទេរទៅ Manchester City ក្នុងតម្លៃ ១៥០លានផោន ឬ ២០៥លានដុល្លារអាមេរិកកាន់តែផ្ទុះខ្លាំងឡើង។

ការណ៍ដែលមិនបានប្រកួតវគ្គជម្រុះនៅ ECL ជាអវត្តមានលើកទី២ ហើយសម្រាប់ក្លិប ខណៈអវត្តមានលើកទី១ ចំពេលដែលក្លិបប្រកួតឈ្នះ Manchester City ១ទល់នឹង០ នៅពានកំពូលអង់គ្លេសក្នុងមូលហេតុដោយសារមិនទាន់មានល្បឿនពេញលេញសម្រាប់ការប្រកួត។ Manchester City នេះហើយ ជាក្លិបដែល Kane ចង់ទៅរួមរស់ក្រែងបានលើកពានដូចកីឡាករដទៃទៀត៕