(ប៉ារីស)៖ ក្លិបកំពូលអេស្ប៉ាញ Real Madrid បាក់ដាក់សំណើចំនួន ១៣៧លានផោន ឬស្មើនឹង ១៨៨លានដុល្លារអាមេរិក ដើម្បីទិញខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ពីក្លិបអ្នកមាននៅបារាំង Paris St-Germain។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។

ការដាក់សំណើទិញក្នុងតម្លៃខាងលើបានធ្វើឡើងបន្ទាប់ពី Mbappe បដិសេធក្នុងការបន្តកិច្ចសន្យាជាមួយ PSG គ្រាដែលកិច្ចសន្យាចាស់របស់គាត់ នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២២។ ក្លិបចង់បានគាត់ឲ្យស្នាក់នៅបន្តទៀត ប៉ុន្តែក្តីស្រមៃរបស់ខ្សែប្រយុទ្ធវ័យក្មេងចង់លេងឲ្យ Real Madrid។

កីឡាករដែលបានជួយឲ្យបារាំងឈ្នះពាន World Cup វ័យ ២២ឆ្នាំបានចុះកិច្ចសន្យាលេងឲ្យ PSG កាលពីឆ្នាំ២០១៧ ជាមួយតម្លៃផ្ទេរ ១៦៥.៧លានផោន។ Mbappe បានរកគ្រាប់បាល់ ១៣៣គ្រាប់ក្នុងការចូលលេងបាន ១៧៤ដងសម្រាប់ក្លិប PSG ហើយក៏បានឈ្នះពាន Ligue 1 ចំនួន ៣ដង ខណៈពាន French Cups ក៏ឈ្នះបាន ៣ដងដូចគ្នា។

សូមជម្រាបថា Real Madrid ដែលមានលុយគ្រប់គ្រាន់ក្នុងការទិញកីឡាករទើបតែចុះហត្ថលេខាយកខ្សែការពារ David Alaba ដោយគ្មានតម្លៃផ្ទេរ ពីក្លិបអាល្លឺម៉ង់ Bayern Munich នៅរដូវក្តៅនេះ។ PSG មិនទាន់ឯកភាពតម្លៃលក់ខ្សែប្រយុទ្ធ Mbappe នោះទេ ខណៈទើបតែយកបានខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi នៅពេលថ្មីៗនេះដោយគ្មានតម្លៃខ្លួន ក្រោយពីគាត់ចាកចេញពីក្លិបអេស្ប៉ាញ Barcelona៕