(ស្កុតឡេន)៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡេន លោក Steve Clarke បានព្រមព្រៀងចុះកិច្ចសន្យា បន្តដឹកនាំក្រុមនេះរហូតដល់ព្រឹត្តិការណ៍ជើងឯកអឺរ៉ុប (European Championship) ក្នុងឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ ពីស្ថាប័នគ្រប់គ្រងបាល់ទាត់ស្កុតឡេន ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

លោក Clarke បានដឹកនាំស្កុតឡេនទៅកាន់ព្រឹត្តិការណ៍ Euro 2020 ជាការបង្ហាញខ្លួនលើកដំបូងរបស់ក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍មួយនេះ គិតចាប់តាំងពីឆ្នាំ១៩៩៦។ ក្រោមការដឹកនាំរបស់លោក ស្កុ តឡេន បានស្មើ ១ប្រកួត និងចាញ់ ២ប្រកួត ខណៈពួកគេបរាជ័យ ក្នុងការឈានទៅកាន់វគ្គបន្តពីវគ្គប្រកួតជម្រុះក្នុងពូល។

«ខ្ញុំមានមោទកភាពក្នុងការបន្តដឹកនាំ ជាគ្រូបង្វឹកស្កុតឡេន ហើយខ្ញុំនឹងធ្វើការជាមួយបុគ្គលិក និងកីឡាករ ដូចដែលយើងសម្លឹងមើល ដើម្បីបន្តធ្វើឱ្យប្រសើរឡើងជាក្រុម» នេះបើតាមសម្តីលោក Clarke។

គួរជម្រាបថា ស្កុតឡេន មានបំណងឡើងទៅវគ្គជម្រុះក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup) ឆ្នាំ២០២២ នៅប្រទេសកាតា។ ពួកគេគ្រោងនឹងជួបក្រៅទឹកដីជាមួយក្រុមដាណឺម៉ាក ជាការប្រកួតលើកដំបូងក្នុងចំណោមការប្រកួត ៣លើករបស់ពួកគេនៅថ្ងៃទី០១ ខែកញ្ញា បន្ទាប់មកនឹងធ្វើជាម្ចាស់ផ្ទះប្រកួតតទល់នឹងក្រុមម៉ុលដាវី ៣ថ្ងៃបន្ទាប់ ហើយនឹងធ្វើដំណើរទៅជួបក្រុមអូទ្រីស នៅថ្ងៃទី០៧ ខែកញ្ញាខាងមុខ៕